(កំពង់ចាម)៖ គ្រាន់តែទទួលព័ត៌មានថា ទណ្ឌិត សម រង្ស៉ី ជាមេកើយរបស់ខ្លួនប្រកាសតាម Facebook ពីទីក្រុងបារីស ប្រទេសបារាំង បោកប្រាស់អ្នកគាំទ្ររបស់ខ្លួន ដោយបានលើកពេលចូល ប្រទេសកម្ពុជានោះ ភ្លាមៗអតីតថ្នាក់ដឹកនាំសំខាន់ៗ របស់អតីតគណបក្សសង្គ្រោះជាតិ ៣រូបទៀត នៅខេត្តកំពង់ចាម បានប្រកាសដើរចេញពី និងលែងគាំទ្រទណ្ឌិតរូបនេះតទៅទៀតហើយ ព្រមទាំងសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

អតីតថ្នាក់ដឹកនាំសំខាន់ៗ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រួមមាន៖

*ទី១៖ លោក វ៉ា ចាន់ថុល អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំក្រុងកំពង់ចាម
*ទី២៖ លោក អាយ ទូច អតីតសមាជិកក្រុមប្រឹក្សាស្រុកកំពង់សៀម
*ទី៣៖ លោក ហាក់ ចាន់ថន អតីតមេឃុំអំពិល ស្រុកកំពង់សៀម។

នៅចំពោះមុខថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្ដកំពង់ចាម បុគ្គលទាំង ៣រូបនេះ ថែមទាំងបានព្រលះចំៗ ទៅលើអតីតមេដឹកនាំរបស់ខ្លួន ដែលមានមហិច្ឆតា ប៉ុនប៉ងបំផ្លាញសន្ដិសុខ និងការអភិវឌ្ឍរបស់ជាតិ ដូច្នេះហើយពួកគេទាំង ៣នាក់ឈប់គាំទ្រ និងលាលែងចេញពីគណបក្សនេះ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

ពួកគេទាំង ៣នាក់ ក៏បានអំពាវនាវទៅកាន់សមាជិកសមាជិការបស់ខ្លួន ដែលកំពុងផុងខ្លួនជាមួយអតីតគណបក្សសង្គ្រោះជាតិ ត្រូវភ្ញាក់រលឹក និងដើរចេញឈប់ជឿតទៅទៀត ជាពិសេសក្រោយការបោកប្រាសរបស់ សម រង្ស៉ី ដែលបានប្រកាសលើកពេលចូលមកប្រទេសកម្ពុជានោះ។

សូមបញ្ជាក់ថា ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសពន្យារពេលដំណើរវិលត្រឡប់មកកម្ពុជា។ នេះបើយោងតាមទណ្ឌិត សម រង្ស៉ី ប្រកាសតាមវីដេអូផ្សាយផ្ទាល់លើ Facebook របស់ខ្លួននៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទណ្ឌិត សម រង្ស៉ី បានថ្លែងថា «គម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រហែលត្រូវពន្យារពេលបន្តិច.... ពីព្រោះក្រុមហ៊ុនអាកាសចរណ៍របស់ថៃ មិនឱ្យខ្ញុំឡើងលើយន្តហោះដែលត្រូវហោះមកប្រទេសថៃ ដើម្បីខ្ញុំបន្តដំណើរទៅប្រទេសកម្ពុជា»

ប្រជាពលរដ្ឋខ្មែរមួយរូបស្ថិតនៅព្រលានយន្តហោះទីក្រុងប៉ារីស បានឃើញថា គាត់បានឃើញប៉ូលិសបារាំងបានបណ្តេញ សម រង្ស៉ី និងអ្នកហែហមចេញពី ព្រលានយន្តហោះ Charles De Gaulle។ ដូចនេះការទៅព្រលាននេះ គ្រាន់តែជាឆាកល្ខោន ដែល សម រង្ស៉ី សម្តែងឲ្យអ្នកគាំទ្រមើលថា បានទៅព្រលានមែន តែក្រុមហ៊ុនយន្តហោះថៃមិនឲ្យឡើង ដើម្បីប្រើជាលេសពន្យាពេលថ្ងៃទី០៩ ខែវិច្ឆិកា ដែលតាមការពិតសំបុត្រយន្តហោះជើងហោះហើរថ្ងៃទី០៧ ខែវិច្ឆិកា សម រង្ស៉ី បានពន្យារពេលរួចបាត់ទៅហើយ។

មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ឲ្យដឹងថា «សម រង្ស៉ី មិនមានឈ្មោះក្នុងជើងហោះហើរពីប៉ារីស ទៅកាន់ទីក្រុងបាងកក នៅថ្ងៃទី០៧ វិច្ឆិកានេះទេ»