(ភ្នំពេញ)៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីសហភាពអឺរ៉ុបប្រចាំកម្ពុជា មានឆន្ទៈចង់ឃើញប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬហៅកាត់ថា EBA នៅតែត្រូវបានបន្តផ្តល់ដល់ប្រទេសកម្ពុជា។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា។

ឆន្ទៈរបស់លោកស្រីត្រូវបានបង្ហាញឡើង ក្នុងឱកាសដែលឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបលោកស្រី នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ក្រោយជំនួបនេះ, លោក កុយ គួង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា៖ «ជាការពិត លោកស្រីមានបំណងល្អ គឺជាដំបូងចង់ពង្រីកភាពជាដៃគូ។ ពង្រីកភាពជាដៃគូនេះមានន័យថា ចង់ឲ្យកាន់តែខ្ពស់ឡើងថែមទៀត។ ដូច្នេះប្រព័ន្ធទាំងឡាយ ដែលកម្ពុជាមានជាមួយសហភាពអឺរ៉ុប គឺយើងគួរតែមានបន្តទៀត»

បើតាមអ្នកនាំពាក្យរូបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីសារៈសំខាន់ ពីគោលដៅរួមរវាងកម្ពុជា និងសហភាពអឺរ៉ុប ធ្វើយ៉ាងម៉េចភាគីទាំងពីរ ធ្វើការសម្រេចឲ្យបានគោលដៅរួមមួយ។ គោលដៅរួម គឺអ្វីដែលមាននោះចង់ឲ្យនៅបន្តមាន ដូចជា EBA ដែលកម្ពុជាធ្លាប់មានតាំងពីឆ្នាំ២០០១។ លោកស្រី បានបញ្ជាក់ដែរថា លោកស្រីមកនេះមកធ្វើការជាមួយកម្ពុជា ដើម្បីគោលដៅរួមមួយនេះ។

លោក កុយ គួង បានឲ្យដឹងបន្ថែមថា ក្នុងជំនួបព្រឹកមិញនេះ ការចចារទៅលើប្រព័ន្ធអនុគ្រោះពន្ធ EBA រវាងកម្ពុជានិងអឺរ៉ុប កំពុងដំណើរការល្អ ដោយកាលកន្លងមកសហភាពអឺរ៉ុប បានបញ្ជូនប្រតិភូមកស្វែងរកការពិតនៅកម្ពុជា ហើយកម្ពុជាតែងតែស្វាគមន៍។ កម្ពុជាក៏បានផ្លាស់ប្តូរទស្សនកិច្ច ទៅសហភាពអឺរ៉ុបវិញ ដើម្បីបញ្ជាក់ពន្យល់ពីអ្វីពិតប្រាកដ ដែលកើតមាននៅក្នុងប្រទេស។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប នៅឆ្នាំ២០១៨ មានចំនួន ៧៥០០លានដុល្លារអាមេរិក។ តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៥ អឺរ៉ុបផ្តល់ជំនួយឥតសំណង ដល់កម្ពុជាប្រមាណ ៧០០លានដុល្លារអាមេរិក៕