(ភ្នំពេញ)៖ រយៈពេល១ថ្ងៃមកនេះ សារព័ត៌មានល្បីៗលើពិភពលោកជាច្រើនបានតាមដានចាប់អារម្មណ៍ចំពោះការមិនត្រឡប់ចូលប្រទេសរបស់ លោក សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាម។

សារព័ត៌មានធំៗរបស់ពួកគេបានចុះផ្សាយលាតត្រដាងថា «លោក សម រង្ស៉ី មិនបានកក់សំបុត្រយន្តហោះជាមួយក្រុមហ៊ុន Thai Airways សម្រាប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នោះទេ» ខណៈដែលលោកបានរៀបចំខ្លួន ដើម្បីឡើងយន្តហោះ ហើយត្រូវក្រុមហ៊ុនមិនអនុញ្ញាត។​

បុគ្គលិកម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានថ្លែងអះអាងយ៉ាងដូច្នេះថា «លោក សម រង្ស៉ី អ្នកនយោបាយគណបក្សប្រឆាំងនៅកម្ពុជា មិនត្រូវបាន អនុញ្ញាតឱ្យឡើងយន្តហោះពីទីក្រុងប៉ារីស ទៅទីក្រុងបាងកកទេ ពីព្រោះការកក់សំបុត្រហោះយន្តរបស់គាត់មិនមានសុពលភាព»

សារព័ត៌មានល្បីៗលំដាប់ពិភពលោកដែលបានចេញផ្សាយព័ត៌មាន «សម រង្ស៉ី មិនបានកក់សំបុត្រថ្ងៃទី០៧ ខែវិច្ឆិកា» រួមមាន៖ New York Times, AP News, ABC News, Bangkok Post, Asian Review និងសារព័ត៌មានបរទេសជាច្រើនទេ។

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃ នៅឯអាកាសយានដ្ឋាន Charles De Gaulle នៅទីក្រុងប៉ារីស ដែលបានឆ្លើយតបតាមទូរស័ព្ទ ប៉ុន្តែបដិសេធមិនប្រាប់ឈ្មោះ បាននិយាយថា «សំបុត្រ Economy Class ដែលមានសុពលភាព មិនមានឈ្មោះរបស់លោក សម រង្ស៉ី ទេ ហើយផ្នែក Economy Class សម្រាប់ការហោះហើរ នៅថ្ងៃព្រហស្បតិ៍នេះគឺពេញហើយ។ លោកថាការកក់ឈ្មោះរបស់លោក សម រង្ស៉ី ត្រូវបានធ្វើឡើងសម្រាប់ជើងហោះហើរថ្មីនៅថ្ងៃសៅរ៍ (ថ្ងៃទី០៩ ខែវិច្ឆិកា)»។  បើយោងតាមសារព័ត៌មានធំៗខាងលើនេះបានចេញផ្សាយ។

ប្រជាពលរដ្ឋខ្មែរមួយរូបស្ថិតនៅព្រលានយន្តហោះទីក្រុងប៉ារីស បានឃើញថា គាត់បានឃើញប៉ូលិសបារាំងបានបណ្តេញ សម រង្ស៉ី និងអ្នកហែហមចេញពី ព្រលានយន្តហោះ Charles De Gaulle។ ដូចនេះការទៅព្រលាននេះ គ្រាន់តែជាឆាកល្ខោន ដែល សម រង្ស៉ី សម្តែងឲ្យអ្នកគាំទ្រមើលថា បានទៅព្រលានមែន តែក្រុមហ៊ុនយន្តហោះថៃមិនឲ្យឡើង ដើម្បីប្រើជាលេសពន្យាពេលថ្ងៃទី០៩ ខែវិច្ឆិកា ដែលតាមការពិតសំបុត្រយន្តហោះជើងហោះហើរថ្ងៃទី០៧ ខែវិច្ឆិកា សម រង្ស៉ី បានពន្យារពេលរួចបាត់ទៅហើយ។

សូមជំរាបថា ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសពន្យារពេលដំណើរវិលត្រឡប់មកកម្ពុជា នេះបើយោងតាមទណ្ឌិត សម រង្ស៉ី ប្រកាសតាមវីដេអូផ្សាយផ្ទាល់លើ Facebook របស់ខ្លួននៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩៕