(ភ្នំពេញ)៖ រថយន្តដឹកកម្ទេចថ្មមួយគ្រឿងពាក់ផ្លាកលេខ «ភ្នំពេញ 3E-3312» នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើឱ្យធ្លាក់កម្ទេចថ្មរាយប៉ាយនៅលើផ្លូវជាតិលេខ៦អា ម្តុំសាលាស្រុកមុខកំពូល ក្នុងខេត្តកណ្តាល។

ការបណ្តោយឱ្យធ្លាក់កម្ទេចថ្មរាយប៉ាយនៅលើផ្លូវនេះ ត្រូវបានគេមើលឃើញថា ជាការធ្វេសប្រហែសមួយរបស់អ្នកប្រកបរបរអាជីវកម្មដឹក ក៏ដូចជាលក់កម្ទេចថ្ម។ ការបណ្តោយឱ្យធ្លាក់រាយប៉ាយកម្ទេចថ្មលើដងផ្លូវបែបនេះ វាងាយនឹងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរលើដងវិថី ហើយក៏បង្កឱ្យខូចសោភណ្ឌភាពលើដងផ្លូវផងដែរ។

ករណីបែបនេះត្រូវបានគេប្រទះឃើញជារឿយៗទាំងរថយន្តដឹកកម្ទេចថ្មី ដឹកដី និងដឹកខ្សាច់ជាដើម។ រថយន្តប្រកបអាជីវកម្មទាំងនេះ គេដឹករហូតហៀរ ហើយខ្លះទៀតក៏គ្របមិនបានត្រឹមត្រូវ ហើយនៅពេលធ្វើចរាចរណ៍លើដងផ្លូវ ក៏ធ្វើឱ្យដី ខ្សាច់ និងថ្មជាដើម ត្រូវធ្លាក់រាយប៉ាយនៅលើដងផ្លូវ។

ក្រសួងរ៉ែ និងថាមពល ដែលអ្នកមានសមត្ថកិច្ចចាត់ចែង និងគ្រប់គ្រងលើអាជីវកម្មទាំងនេះ ធ្លាប់បានចុះទៅអប់រំ ផាកពិន័យ និងចាប់រថយន្តមិនគោរពតាមការណែនាំផងដែរ។ ក្រោយការដាក់ចេញវិធានការនោះ គេបានឃើញមានការរៀបរយបានចំពោះរថយន្តខ្លះ តែរថយន្តខ្លះក៏មិនទាន់បានអនុវត្តន៍នៅឡើយ។

ចំពោះករណីទាំងនេះ មានប្រជាពលរដ្ឋខ្លះបានលើកជាសំណូមពរដល់ក្រុមអ្នកធ្វើអាជីវកម្មទាំងនេះ ឱ្យភ្ញាក់ស្មារតីយកចិត្តទុកដាក់លើការដឹកជញ្ជូនរបស់ខ្លួន។ ពោលធ្វើយ៉ាងកុំដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន បែរជាមិនគិតគូរដល់ផលប៉ះពាល់សម្បត្តិសាធារណៈ និងអ្នកដទៃ៕