(កំពង់ស្ពឺ)៖ ក្រោមកិច្ចសហការរៀបចំ ពីក្រសួងកិច្ចការនារី នៅសាលាឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកវេទិកាក្រោមប្រធានបទ «លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន» ក្រោមអធិបតីភាពលោកស្រី ឡុង សុផល្លី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងកិច្ចការនារី។

ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋ ចូលរួមសរុប១៥០នាក់។

លោក កង ប៊ុនណាត អភិបាលរង តំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ស្រុកសំរោងទង បានថ្លែងស្វាគមន៍ និងរបាយការណ៍ពីការរីកចម្រើនរបស់ស្រុក ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀងក្នុងស្រុក ដោយបានបញ្ជាក់ថា ស្រុកមិនមែនជាទីតាំងផលិត ដាំដុះគ្រឿងញៀនឡើយ។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ, ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ហើយការចូលរួមរបស់ម្តាយ ក្នុងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាភាពសំខាន់ចាំបាច់ណាស់ ព្រោះម្តាយគឺជាមនុស្សសំខាន់នៅជិត និងមានឥទ្ធិពលលើកូនចៅ សំដីអ្នកម្តាយប្រៀបដូចជាឱសថទិព្វ ព្យាបាលបញ្ហាគ្រប់យ៉ាងរបស់កូនចៅ។

ក្នុងឱកាសនោះ លោកស្រី ឡុង សុផល្លី អនុរដ្ឋលេខាធិការ បានថ្លែងថា គោលបំណងសំខាន់នៃវេទិកា គឺដើម្បីអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យបានយល់ដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ព្រមទាំងកៀរគរការចូលរួមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់ ឈានទៅការលុបបំបាត់ការប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀន នៅក្នុងសហគមន៍របស់យើង។

លោកស្រី ឡុង សុផល្លី បានបន្ថែមថា អ្នកប្រើប្រាស់គ្រឿងញៀន អាចបំផ្លាញទ្រព្យសម្បត្តិកិត្តិយសគ្រួសារខ្លួនឯង និងសង្គមហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ធ្ងរ ដោយគ្មានស្គាល់បុណ្យបាបអ្វីឡើយ។

លោកស្រី សូមសំណូមពរដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវឆ្លើយថា «ទេចំពោះគ្រឿងញៀន» ហើយត្រូវចូលរួមឲ្យបានសកម្មគ្រប់ពេលវេលា ដើម្បីរក្សាការពារបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនសហគមន៍ ឲ្យបានស្ថិតស្ថេរ គង់វង្សតរៀងទៅ៕