(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅផែនការ សកម្មភាពប្រចាំឆ្នាំ២០២០ នាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំ វិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានវត្តមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងរាជធានី ខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ តំណាងកាកបាទក្រហមកម្ពុជា លោក លោកស្រី ជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួង ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្ត និងតំណាង ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធ និងការឆ្លើយតបជាលក្ខណៈពហុវិស័យ។ 

ដោយមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាស្ថាប័នសម្របសម្រួលពហុវិស័យ ក្នុងរយៈពេលមួយឆ្នាំ២០១៩ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អ្នករស់នៅជាមួយមេរោគអេដស៍ អង្គការសង្គមស៊ីវិល និងផ្នែកពាក់ព័ន្ធទាំងអស់ បានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា និងបានសម្រេចលទ្ធផលការងារចំបងៗជាច្រើន ក្នុងដំណាក់កាលដែលស្ថានភាព ជំនួយពីបរទេសធ្លាក់ចុះ។ ការទទួលខុសត្រូវជាម្ចាស់ក្នុងការទទួលបន្ទុកជំងឺ និងចំណាយរ៉ាប់រង ថែទាំព្យាបាល ត្រូវបានផ្ទេរជាបន្តបន្ទាប់ និងជាជំហានៗ។ ធនធានជំនួយពីក្រៅប្រទេស ដែលត្រូវបានបន្តផ្តល់អោយបើទោះជាមាន កំរិតក្តី និង ការប្តេជ្ញាចិត្តរបស់យើង បំពេញកាតាព្វកិច្ច និងតួនាទីក្នុងភាពជាម្ចាស់បញ្ហា បានជំរុញឲ្យយើង តាំងចិត្តរួមគ្នាបញ្ចប់នូវការឆ្លងរីករាលដាល មេរោគអេដស៍នៅកម្ពុជា ក្នុងឆ្នាំ២០២៥-២០៣០។

អង្គសន្និបាត បានពិនិត្យរួមគ្នាលទ្ធផលប្រចាំឆ្នាំ ដែលសម្រេចបាន ចំណុចខ្វះខាត បញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយ និងបានចែករំលែកបទពិសោធន៍ល្អៗ អំពីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារដែលមានសមាជិករស់នៅជាមួយមេរោគអេដស៍ ជាមួយការកាត់បន្ថយការរើសអើង ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសាររបស់ពួកគេ ដោយសហគមន៍។

អង្គសន្និបាតក៏បានជជែកពិភាក្សា អំពីការសម្របសម្រួលអន្តរស្ថាប័ន នៅរដ្ឋបាលថ្នាក់កណ្តាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រតិបត្តិតាមការណែនាំរបស់រាជរដ្ឋាភិបាល តាមរយៈសេចក្តីជូនដំណឹងលេខ ២១៣សជណ.សស ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។
លោកទេសរដ្ឋមន្រ្តី បានមាប្រសាសន៍ផ្តាំផ្ញើរ និងរំលឹកសមាជិក សមាជិកា អញ្ជើញមកពី រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីចំណុចគន្លឹះនៃការប្រយុទ្ធនឹង

ការចម្លងរាលដាលនៃមេរោគអេដស៍ និងឆ្លើយតបទៅនឹងជំងឺអេដស៍ គឺត្រូវ៖
* សាមគ្គីគ្នាអនុវត្តគោលនយោបាយ ផែនការសកម្មភាព និងពង្រឹងយន្តការធ្វើ
ការរួមគ្នា ជាពហុវិស័យ ជាប្រព័ន្ធ រវាងក្រសួងស្ថាប័ន វិស័យឯកជន និង អង្គការសង្គមស៊ីវិល អ្នករស់នៅជាមួយមេរោគ អេដស៍ ក្រុមប្រជាជនរងគ្រោះឬប្រឈមមុខ្ពស់
* មានចីរភាពគឺមានផែនការរយៈពេលវែង ថ្នាក់សហគមន៍ និងថ្នាក់ក្រោម ជាតិ ដោយមានការគាំទ្រ និងទំនុកបំរុងពីថ្នាក់រដ្ឋបាលថ្នាក់ជាតិ
* ផ្តល់សេវាថែទាំព្យាបាលប្រកបដោយ គុណភាព សមធម៌ និងគ្មានការរើស អើង។
* ការផ្គត់ផ្គង់ និងប្រើប្រាស់ស្រោមអនាម័យបានជាប់លាប់ និងត្រឹមត្រូវ នៅតែជាវិធី បង្ការជំរើសទី១។
* ទទួលយកសេវាប្រឹក្សា អប់រំសុខភាព និងធ្វើតេស្តពិនត្យឈាមរកមេរោគនិង
ទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ភ្លាមៗ
* ពង្រឹងសមត្ថភាពស្ត្រី និងកុមារី សមភាពយេនឌ័រ។ល។

លោកទេសរដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះសមាជិក សមាជិកានៃអង្គសន្និបាត និងនៅទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មចូលរួមប្រយុទ្ធ នឹងមេរោគអេដស៍ និងជំងឺអេដស៍ឲ្យទទួលបានជោគជ័យ ជាបន្តបន្ទាប់គួរជាទីមោទនៈ មានការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវ និងមោះមុតផ្នែកនយោបាយ ពីថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា ៕