(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ទៀត ដែលជាសមាជិករបស់ក្រុមឧទ្ទាម សម រង្ស៉ី ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួននៅព្រឹកថ្ងែទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាល។

បើតាមសមត្ថកិច្ចមូលដ្ឋាន, សមាជិកក្រុមឧទ្ទាមម្នាក់នេះ មានឈ្មោះ ស្រី ច័ន្ទតារា ភេទប្រុស អាយុជាង៦០ឆ្នាំ ជនជាតិខ្មែ មានទីលំនៅភូមិបុរី២០០ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា បុគ្គលរូបនេះត្រូវបានចោទប្រកាន់ពី «រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ មានសមាជិកក្រុមឧទ្ទាមមិនតិចជាង២៥០នាក់ទេ បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ច អំពីផែនការក្បត់ជាតិរបស់ លោក សម រង្ស៉ី។ ជាមួយគ្នានេះ ក៏មានសមាជិកក្រុមសម រង្ស៉ី មិនតិចជាង៤០នាក់ផងដែរ ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕