(ព្រៃវែង)៖ អតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្ដព្រៃវែង ចំនួន ៤រូប បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានអំពាវនាវឱ្យអ្នកគាំទ្រ ទាំងអស់កុំចាញ់បោកទណ្ឌិត សម រង្ស៊ី តទៅទៀត។

អតីតថ្នាក់ដឹកនាំទាំងនេះ បានអំពាវនាវឱ្យសហការី ដែលជាចលនាសង្គ្រោះជាតិខុសច្បាប់ ប្រញ៉ាប់ចេញមុខ និងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមិនត្រូវចាញ់បោកជនក្បត់ជាតិ ទណ្ឌិត សម រង្សី តទៅទៀតឡើយ។ ពួកគេបានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជាអ្នកស្រឡាញ់ប្រជាជន និងប្រទេសជាតិពិតៗ។

អតីតមន្ត្រីជាន់ខ្ពស់ប្រចាំខេត្តរបស់អតីតគណបក្សសង្គ្រោះជាតិទាំង ៤រូប រួមមាន៖

*ទី១៖ លោក ដន វ៉ាន់ឌី អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាខេត្តជាប់ឆ្នោតអាណត្តិទី២ បច្ចុប្បន្នជាប្រធានចលនាប្រចាំខេត្តព្រៃវែង
*ទី២៖ លោក យ៉ា យឿន អតីតប្រធានប្រតិបត្តិក្រុងព្រៃវែង និងជាសមាជិកក្រុងព្រៃវែង អាណត្តិទី២ បច្ចុប្បន្នអនុប្រធានចលនាខេត្តព្រៃវែង
*ទី៣៖ លោក ជៀប ឈុនលី អតីតប្រធានយុវជនក្រុងព្រៃវែង
*ទី៤៖ លោក សុខ ហេង អតីតមន្ត្រីជាន់ខ្ពស់ស្រុកកំចាយមារ។

ពួកគេបញ្ជាក់ថា ការចាកចេញនេះ ដោយឃើញសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតមកលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រមាថកាតទានធ្ងន់ៗ លើអង្គព្រះមហាក្សត្រ ដែលពលរដ្ឋខ្មែរទាំងមូល មិនអាចទទួលយកបានជាដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត៕