(ភ្នំពេញ)៖ ក្រោយពីរដ្ឋសភា និងព្រឹទ្ធសភាអនុម័តច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់នាពេលថ្មីៗនេះ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល បានអំពាវនាវដល់សមត្ថកិច្ចត្រូវចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹង កាន់តែច្បាស់អំពីច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់។

ក្នុងវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព មន្ត្រីលើការងារអនុវត្តច្បាប់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងថា សិក្ខាសាលាថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ដែលត្រូវពង្រឹងនៅគុណភាព ស្មារតី និងទទួលខុសត្រូវ របស់មន្ដ្រីគ្រប់ជាន់ថ្នាក់ ដើម្បីបន្ដផ្សព្វផ្សាយឲ្យទូលំទូលាយ នៅទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ បន្ថែមទៀត។

លោកបន្ដថា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់មានន័យថា អ្នកប្រើប្រាស់ត្រូវទទួលបានផលប្រយោជន៍សមស្រប និងទទួលបានការគាំពារប្រសិនបើមានការ ក្លែងបន្លំ កេងប្រវ័ញ្ចណាមួយ ទៅលើអ្នកប្រើប្រាស់សមត្ថកិច្ចជំនាញជាអ្នកការពារចំពោះអ្នកប្រើប្រាស់។

ឆ្លៀតឱកាសនោះដែរ អគ្គនាយកកាំកុងត្រូល ស្នើដល់មន្ត្រីដែលជាសិក្ខាកាមទាំងអស់ប្រឹងប្រែងយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងថ្មីៗ ពីវគ្គបណ្តុះបណ្តាលថ្ងៃនេះ ដើម្បីទុកជាពុទ្ធិ សម្រាប់យកទៅអនុវត្តការងារជាក់ស្តែង និងជួយផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក៏ដូចជា ភាគីពាក់ព័ន្ធនានា ឲ្យបានកាន់តែជ្រាបកាន់តែច្បាស់ អំពីខ្លឹមសារនៃច្បាប់ថ្មីៗ ព្រមទាំងតួនាទី និងភារកិច្ចស្នូល របស់អគ្គនាយកដ្ឋាន កាំកុងត្រូល នៅក្នុងបរិបទថ្មី។

ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលលោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងពីសមិទ្ធផល និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម នៅក្រោមការដឹកនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ជាពិសេសការចងក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ សំដៅបម្រើការអភិវឌ្ឍវិស័យ ពាណិជ្ជកម្មជាតិ និងលើកស្ទួយប្រសិទ្ធភាពតួនាទី និងភារកិច្ចរបស់ អគ្គនាយកដ្ឋាន កាំកុងត្រូល ដែលជានគរបាលយុត្តិធម៌៕