(ព្រះវិហារ)៖ ទាហានឈុតខ្មៅរបស់ប្រទេសថៃ ដែលឈរជើងនៅឈមច្រកអានសេះ របស់ប្រទេសកម្ពុជា បានបញ្ជាក់អះអាងយ៉ាងច្បាស់ថា ឲ្យតែឃើញទណ្ឌិត សម រង្ស៉ី និងបក្ខពួក ៨នាក់ផ្សេងទៀត ដូចនៅក្នុងរូបថត គឺពួកគេចាប់ខ្លួនតែម្ដង តាមបញ្ជាពីមេបញ្ជាការរបស់ពួកគេ។

អភិបាលស្រុកជាំក្សាន្ដ លោក ជា គឹមសេង ដែលបានចុះទៅពិនិត្យជាក់ស្ដែង និងជួបជាមួយទាហានឈុតខ្មៅរបស់ប្រទេសថៃ ឈរជើងនៅព្រំដែនជាប់ ច្រកអានសេះ ក្នុងខេត្តអ៊ូរប៊ុន នាវេលាថ្ងៃត្រង់ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ទាហានឈុតខ្មៅរបស់ថៃ ពិតជាបានយករូបទណ្ឌិត សម រង្ស៉ី និងអតីតមេដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ៨នាក់ផ្សេងទៀត ទៅបិទនៅច្រកព្រំដែន ដើម្បីទប់ស្កាត់ និងចាប់ខ្លួនតែម្ដង នៅពេលឃើញពួកគេឆ្លងកាត់នោះ។

លោក ជា គឹមសេង បានប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «យោធាថៃឆ្លើយប្រាប់យ៉ាងច្បាស់ថា គេទទួលបញ្ជារពីមេបញ្ជាការបស់គេមកថា ឲ្យតែឃើញគឺចាប់ខ្លួនតែម្តង និងរាយការជូមមេបញ្ជាការគេ។ មូលហេតុដែរគេបិទរូបនេះដោយហេតុគេ មិនស្គាល់មុខ ហេតុនេះទើបគេបិទរូបឃើញ គឺចាប់សិនទើបរាយការតាមក្រោយ»

មន្ដ្រីយោធាជាន់ខ្ពស់ប្រចាំនៅច្រកអានសេះ បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកមិញ (ថ្ងៃទី០៥ ខែវិច្ឆិកា) ទាហានឈុតខ្មៅរបស់ថៃ បានយករូបថតមនុស្សទាំង៩នាក់ ជាអតីតថ្នាក់ដឹកនាំកំពូលរបស់អតីតគណបក្សសង្គ្រោះជាតិ រួមមាន ទណ្ឌិត សម រង្ស៉ី, មូរ សុខហួរ, អ៊ូ ចាន់រិទ្ធ, ជូឡុង ស៊ូម៉ារ៉ា, នុត រំដូល, ហូ វ៉ាន់, ឡុង រី, អេង ឆៃអ៊ាង និង ម៉ែន សុថាវរិន្ទ យកទៅបិទនៅច្រកព្រំដែនអានសេះ ជាប់ព្រំដែនខេត្តព្រះវិហារ និងខេត្ដអ៊ូរប៊ុន ប្រទេសថៃ ក្នុងគោលបំណងទប់ស្កាត់មិនឲ្យមនុស្សទាំង៩នាក់នេះ ឆ្លងដែនចូលប្រទេសកម្ពុជានោះឡើយ។

សូមបញ្ជាក់ថា លោក សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ពោលចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕