(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា មិនចាប់អារម្មណ៍ចំពោះដំណើរវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជានោះទេ។ ប៉ុន្តែលោកអះអាងថា នៅថ្ងៃបុណ្យឯករាជ្យជាតិខាងមុខនេះ បើក្រុមណាមួយចង់អុកឡុក ហើយរាជរដ្ឋាភិបាល បង្រ្កាបមិនបាននោះ គឺជាចំណុចអសមត្ថភាព។

លោក​ ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំអត់ខ្វល់ទេ នរណាមក ឬមិនមក នៅក្នុងថ្ងៃទី៩ កញ្ញា ២០១៩ ខាងមុខនេះ ហើយអ្វីដែលសំខាន់ គឺខ្ញុំចូលរួមជាមួយព្រះមហាក្សត្រខ្មែរយើង ដើម្បីរំលឹកខួបទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ និងបើសិនជា មានក្រុមណាមួយចង់អុកឡុក ក្នុងថ្ងៃបុណ្យឯករាជ្យជាតិនេះ ហើយរដ្ឋាភិបាលបង្រ្កាបមិនបាន គឺជាចំណុចអសមត្ថភាព នៃរដ្ឋាភិបាលមិនមែនពួកក្រុមអុកឡុកទាំងអស់នោះខ្លាំងទេ ដោយសារថ្ងៃបុណ្យជាតិ មិនមែនបុណ្យសម្រាប់បក្សណាមួយឡើយ គឺជាពិធីបុណ្យសម្រាប់ជាតិខ្មែរមួយទាំងមូល»

លោកបានបន្តថា៖ ក្នុងន័យនេះដែរ គឺរដ្ឋាភិបាលត្រូវតែ ការពារព្រះមហាក្សត្រ ការពារពិធីបុណ្យជាតិ ជាពិសេសការពារក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បីឲ្យមានសុខសុវត្ថិភាព និងបង្ហាញដល់ពួកអមិត្តថា កម្ពុជាមានឯករាជ្យត្រឹមត្រូវ កុំចង់មកត្រួតត្រាទៀត។

សូមបញ្ជាក់ថា លោក សម រង្ស៉ី និងបក្ខពួក បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារនេះ លោក សម រង្ស៉ី បានប្រកាសរៀបចំថវិកាសម្រាប់ឧបត្ថម្ភដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថា ជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕