(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលបានព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជំងឺ គ-ថ្លង់ ដែលមានអ្នកជំងឺបានទទួលសេវាព្យាបាលប្រមាណជាង ៤.០០០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដោយឥតគិតថ្លៃ និងទទួលទានអាហារសាមគ្គីរួមគ្នានារាត្រីថ្ងៃចន្ទទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភោជ្ជនីដ្ឋានប្រេស៊ីដង់ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តស្វាយរៀង មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលជួយដល់ ក្រុមគ្រូពេទ្យអាចដំណើរ ព្យាបាលបានដោយរលូន។

ជាពិសេសលោកស្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់គម្រោងព្យាបាល របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលដឹកនាំដោយលោក ជេក ម៉េងលី បានដឹកនាំគ្រូពេទ្យឯកទ្ទេសខាង ភ្នែក ត្រចៀក និងជំងឺទូទៅមកពីប្រទេស ចិន អូស្រ្តាលី អង់គ្លេស ហ្វីនលែន តៃវ៉ាន់ ចំនួន ១៣៥នាក់ មកព្យាបាលជំងឺដោយឥតគិតថ្លៃ បានបញ្ចប់បេសកកម្មរបស់ខ្លួន នៅលើទឹកដីខេត្តស្វាយរៀង ដោយទទួលបានជោគជ័យលើសពីការរំពឹងទុក។

លោកស្រីបានបន្តទៀតថា នេះជាឆ្នាំទី១២ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានមកព្យាបាលដោយ ឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជា មកដល់បច្ចុប្បន្ននេះ បានជាប្រមាណជាង ៣ម៉ឺននាក់។ សកម្មភាពមនុស្សធម៌នេះ ពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសអូស្ត្រាលី បានរួមគ្នាបង្កើតជាក្រុមមួយស្រាប់ធ្វើការងារ មនុស្សធម៌នេះ និងពិតជាបានចូលរួមចំណែកនូវការសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោយបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីក៏បានថ្លែងអំណរគុណដល់លោក លោកស្រី ឧកញ៉ា ដែលមានទឹកចិត្ត និងសទ្ធាជ្រះថ្លារួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ អង្គការខេមបូឌាវីសិន ដើម្បីជួយក្នុងការងារមនុស្សធម៌។ លោកស្រីក៏បានសំណូមពរឲ្យអស់លោក លោកស្រី ឧកញ៉ា បន្តជួយឧបត្ថម្ភបន្ថែមទៀត និងបានស្នើឲ្យលោក ជេក ម៉េងលី បន្តនូវប្រពៃណីនៃការចែករំលែក ក្នុងការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅកម្ពុជាក្នុងគម្រោងបន្តបន្ទាប់ទៀត៕