(ភ្នំពេញ)៖ លោក សៀ ស៊ីណង សកម្មជនក្រុមប្រឆាំងនៅប្រទេសថៃ ពេលនេះបានចេញវីដេអូមួយ ប្រកាសលែងគាំទ្រ និងមិនចូលរួមជាមួយទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះទេ ដោយសារតែនយោបាយរបស់ទណ្ឌិតនេះ បានធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រកាន់តែគ្រោះថ្នាក់។

តាមរយៈវីដេអូឃ្លីបប្រមាណជិត៥នាទី លោក សៀ ស៊ីណង បានចាត់ទុកថា ការវិលត្រឡប់ចូលកម្ពុជារបស់ លោក សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ មិនពាក់ព័ន្ធនឹងរូបលោកសូម្បីបន្តិច ហើយរឿងនេះ ក៏មិនមែនជាកិច្ចការធំដុំដែលលោកត្រូវអមដំណើរលោក សម រង្ស៉ីទេពីព្រោះ​ លោក សម រង្ស៉ី ធ្វើនយោបាយឱ្យលោកអស់ជំនឿ។ លោកបញ្ជាក់ថា «ខ្ញុំឈប់គាំទ្រយូរហើយ គ្រាន់តែខ្ញុំមិនដែលប្រកាស»

សកម្មជនរូបនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នយោបាយរបស់ លោក​ សម រង្ស៉ី ជានយោបាយទន់ នយោបាយដែលធ្វើឱ្យមានការបែកបាក់គ្នា ឱ្យសកម្មជនជាប់គុកកាន់តែច្រើន»។ រូបគេបន្តថា៖ «នយោបាយធ្វើឱ្យតែពលរដ្ឋក្តៅក្រហាយ ហេតុផលនេះហើយ ដែលខ្ញុំមិនគាំទ្រ លោក សម រង្ស៉ី ហើយចំពោះបងប្អូនពលករណាក៏ដោយ នៅប្រទេសណាក៏ដោយ ដែលថាលើកដៃលើកជើងគាំទ្រ ៩វិច្ឆិកា សូមឱ្យទៅដូចមាត់ផង បើសិនទៅជាទៅដូចមាត់ខ្ញុំទទួលស្គាល់ថា អ្នកក្លាហាន ប្រទេសណាក៏ដោយនៅលើពិភពលោក ឬក៏មកទើត្រឹមប្រទេសថៃ ក៏ខ្ញុំចាត់ទុកថាអ្នកក្លាហាន»

លោក សៀ ស៊ីណង បានពន្យល់ថា មានហេតុផលច្រើនយ៉ាងណា ដែលធ្វើឱ្យលោកសម្រេចលែងគាំទ្រ លោក សម រង្ស៉ី។ លោកបញ្ជាក់ថា៖ «ខ្ញុំលង់ជឿអ្នកឯងរាប់សិបឆ្នាំមកនេះ ដោយសារខ្ញុំក៏ស្រលាញ់សន្តិភាព ស្រលាញ់ការផ្លាស់ប្តូរដែរ ប៉ុន្តែលោកឯងធ្វើនយោបាយដោយរបៀបណា រាប់សិបឆ្នាំមកហើយនោះ វាគួរតែខ្ញុំមិនមានជំនឿលើលោកឯងសូម្បីបន្តិច លោក សម រង្ស៉ី»

ទន្ទឹមនឹងការវាយប្រហារលើ លោក សម រង្ស៉ីនេះ លោកសៀ ស៊ីណង ក៏បែរជាប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ចំពោះក្រុមលោក សម រង្ស៉ី ផងដែរ ដោយលោកយល់ថា ចំណាត់ការនេះ គឺដើម្បីថែរក្សាសន្តិភាព និងការរស់នៅស្ងប់សុខរបស់ប្រជាពលរដ្ឋ។

លោក សៀ ស៊ីណង បានថ្លែងដូច្នេះថា៖ «បុគ្គល សម រង្ស៉ី លោកឯងប្រព្រឹត្តកំហុសតែម្នាក់ឯងទេ តែលោកឯងបានធ្វើឱ្យពលរដ្ឋក្តៅក្រហាយ សកម្មជនលោកឯងគេធ្វើទុក្ខបុកម្នេញដោយសារតែលោកឯង លោកឯងជិះយន្តហោះស្រួល ដេកក្នុងម៉ាស៊ីនត្រជាក់ តែពលរដ្ឋដេកគុក»

លោកស៊ីណង សុខចិត្តឱ្យគេដៀលថា លោកជាជនកំសាក តែពេលនេះ លោកចង់បង្ហាញថា លោកមើលឃើញ ហើយគាំទ្រនូវសកម្មភាពដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ លោកអះអាងថា កន្លងមក លោកនៅក្មេង ដែលងាយនឹងទទួលរងនូវការបោក តែពេលនេះ លោកមានភាពចាស់ចិត្តគំនិត និងយល់អំពីនយោបាយហើយ។ លោក ស៊ីណង បានប្រកាសចូលរួមធ្វើជាសកម្មជនរបស់ គណបក្សប្រជាជនកម្ពុជា បើសិនជាគណបក្សនេះបើកឱ្យលោកចូលរួម។

លោកស្នើកងកម្លាំងប្រដាប់អាវុធកម្ពុជា ឱ្បបន្តថែរក្សាសន្តិភាព និងសុវត្ថិភាពប្រជាពលរដ្ឋ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ហើយលោកមិនចង់ឃើញសម្រែកឈាមខ្មែរកើតឡើងទៀតទេ។ លោកអះអាងថា៖ បុគ្គលសម រង្ស៉ី ធ្វើខុស អនុវត្តតែលើបុគ្គសម រង្ស៉ីទៅចុះ។

សូមបញ្ជាក់ថា លោក សម រង្ស៉ី និងបក្ខពួក បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារនេះ លោក សម រង្ស៉ី បានប្រកាសរៀបចំថវិកាសម្រាប់ឧបត្ថម្ភដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថា ជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។

ទោះបីជាយ៉ាងនេះក្តី រយៈពេល២ខែមកនេះ មានសមាជិកក្រុមឧទ្ទាមមិនតិចជាង២៥០នាក់ទេ បានចូលសារភាព ហើយលាតត្រដាងប្រាប់សមត្ថកិច្ចអំពីផែនការក្បត់របស់ លោក សម រង្ស៉ី ដើម្បីបានរួចផុតពីទោស។ ពួកគេបានបញ្ជាក់ថា សកម្មភាពរបស់ លោក សម រង្ស៉ី ពេលនេះមិនមែនជាការធ្វើនយោបាយតាមបែបប្រជាធិបតេយ្យទេ ប៉ុន្តែជាការដណ្តើមអំណាចតាមរយៈរដ្ឋប្រហារខុសច្បាប់៕