(ភ្នំពេញ)៖ នាវេលាម៉ោង១០ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកមាតុភូមិកម្ពុជា ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើន នៅទីក្រុងបាងកក ប្រទេសថៃ ទទួលបានលទ្ធផលជោគជ័យ។

កិច្ចប្រជុំដែលបានប្រារព្ធឡើងនៅទីក្រុងបាងកក រួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១០, កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៧, កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ និង កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់លើកទី៣។

ក្រៅពីកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិន ព្រមទាំងជួបពិភាក្សាជាមួយតំណាងពិសេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ, ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន, នាយករដ្ឋមន្រ្តីរុស្ស៉ី, ប្រធានាធិបតីកូរ៉េខាងត្បូង, ស្តេចស៊ុលតង់នៃប្រទេសប្រុយណេ និងមេដឹកនាំកំពូលនៃប្រទេសជាសមាជិកអាស៊ាន។

ក្រៅពីនោះសម្តេចតេជោ ក៏អញ្ជើញចូលរួមកម្មវិធីអាហារការងារពេលព្រឹកជាមួយលោក ង្វៀន សួនហ៊ុក នាយករដ្ឋមន្ត្រីវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវផងដែរ។

សូមជំរាបថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា នាទីក្រុងបាងកកនេះ ប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»៕