(ភ្នំពេញ)៖ មាត្រាចំនួន១៧ ក្នុងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានអង្គការ សង្គមស៉ីវិល ស្នើមកក្រសួងមហាផ្ទៃ ដើម្បីសុំធ្វើវិសោធនកម្ម ក្នុងគោលបំណងបំពេញបន្ថែមនូវអ្វីដែលជាការខ្វះខាត សម្រាប់ពួកគាត់នៅពេលអនុវត្តជាក់ស្ដែង និងដើម្បីតម្រូវតាមការវិវត្តន៍ក្នុងបរិបថសង្គមនាពេលបច្ចុប្បន្ននេះ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើសំណើ និងអនុសាសន៍របស់ អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មខាងលើ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលទទួលបន្ទុកដោះស្រាយសំណូមពរ របស់អង្គការសង្គមស៉ីវិល។

ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនេះ លោក ប៊ុន ហ៊ុន បានលើកឡើងថា ដំណើរការកិច្ចប្រជុំនៅថ្ងៃនេះ ក្រសួងចង់ឲ្យតំណាងអង្គការ សង្គមស៉ីវិល ទាំងអស់ លើកយកអំណះអំណាងផ្សេងៗ ដែលពួកគាត់ចង់ឲ្យមានការធ្វើវិសោធនកម្ម ប៉ុន្ដែសម្រាប់ព្រឹកនេះ ក្រុមការងារទើបតែពិនិត្យតាមត្រឹម៤មាត្រាប៉ុណ្ណោះ ខណៈដែលមាត្រាទាំង៤នេះ សង្គមស៉ីវិលខ្លួនឯង ក៏មិនទាន់យល់ច្បាស់នូវឡើយថា ពួកគាត់ចង់កែតម្រូវយ៉ាងមិច។

ដោយសារមើលឃើញពីបញ្ហានេះ លោក ប៊ុន ហ៊ុន បានស្នើទៅអង្គការសង្គមស៉ីវិល ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ ប្រមាណ៥០០០អង្គការ សមាគមនេះ ត្រូវធ្វើការប្រជុំរួមគ្នាមួយ ដើម្បីកំណត់អំពីគោលដៅច្បាស់លាស់បន្ថែមទៀត ក្នុងគោលដៅសម្រួលដល់ការពិភាក្សាគ្នានៅថ្ងៃក្រោយ ក៏ដូចជាពន្លឿនដល់ការស្នើធ្វើវិសោធនកម្មនេះ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «គាត់ [អង្គការ សង្គមស៉ីវិល] នៅអត់ទាន់ច្បាស់ខ្លឹមសារ ដែលគាត់ចង់កែ ចង់បានរបៀបមិចនៅឡើយទេ។ ចឹងបានយើងខ្ញុំ ប្រជុំសួរនាំទៅ អង្គការគាត់អត់ឯកគ្នា ដោយទី១៖ គាត់មិនទាន់បានឲ្យខ្លឹមសារយើងខ្ញុំថា កែរបៀបមិច, ទី២៖ គាត់អត់ទាន់បានឯកភាពគ្នា ទៅលើខ្លឹមសារ»។

លោក ប៊ុន ហ៊ុន បានបញ្ជាក់ទៀតថា មាត្រាទាំង១៧ ដែលអង្គការ សមាគម បានស្នើសុំធ្វើវិសោធនកម្មនេះ ផ្ដោតសំខាន់ទៅលើបទបញ្ញត្តិទូទៅ, របាយការណ៍, អព្យាក្រឹត្យភាពគ្រប់គណបក្សនយោបាយ និងចំណុចផ្សេងៗមួយចំនួនទៀត។ សម្រាប់គោលជំហររបស់រាជរដ្ឋាភិបាល ចំពោះការស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ ត្រូវបានលោក ប៊ុន ហ៊ុន អះអាងថា រាជរដ្ឋាភិបាលស្វាគមន៍ជានិច្ច ចំពោះការស្នើរបស់អង្គការ សមាគម ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្នុងក្រសួងមហាផ្ទៃ។

ឆ្លើយតបទៅនឹងការលើកឡើងថា ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទើបតែចូលជាធរមានដាក់ឲ្យប្រើប្រាស់ ប៉ុន្ដែហេតុអ្វីត្រូវធ្វើវិសោធនកម្ម? លោក ប៊ុន ហ៊ុន បានបកស្រាយថា អ្វីដែលបានកំណត់នៅក្នុងច្បាប់ ក៏វិវត្តន៍ទៅតាមស្ថានភាពសង្គម ព្រោះច្បាប់ខ្លះមិនមែន តែនៅប្រទេសកម្ពុជាទេ ពោលពេលខ្លះគ្រាន់តែធ្វើហើយ មិនទាន់បានអនុវត្តផង ក៏ត្រូវធ្វើវិសោធនកម្មបាត់ទៅហើយ។ ដោយឡែក ការស្នើសុំធ្វើវិសោធនកម្មនេះ មិនមែនអ្វីធំដុំនោះទេ។

សូមជម្រាបថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៥ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ នាសម័យប្រជុំពេញអង្គ លើកទី៣ នីតិកាលទី៣ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ ១៥៦/០០៤/២០១៧ កប០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។

ច្បាប់នេះមានគោលបំណងធានា ការពារសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអង្គការមែនរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជា ដើម្បីការពារផលប្រយោជន៍ ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាងសមាម និងអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ។

រហូតមកដល់ពេលនេះ មានអង្គការសង្គមស៉ីវិលក្នុងស្រុកជាង៥,៥០០ ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្នុងក្រសួងមហាផ្ទៃ ដោយមិនបូកបញ្ចូលជាមួយអង្គការ សមាគមបរទេសឡើយ។ ជាមធ្យមក្នុងមួយ មានអង្គការ សមាគមប្រមាណ២០ ដែលបានស្នើសុំបញ្ជី ក្រោយច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដាក់ឲ្យប្រើប្រាស់៕