(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទោះក្នុងកាលទេសណាក៏ដោយ បើមានដៃគូច្រើន ដាច់ខាតត្រូវតែប្រើប្រាស់ស្រោមអនាម័យ ព្រោះស្រោមអនាម័យ ជាមធ្យោបាយមួយដ៏ល្អបំផុត ដែលអាចការពារអាយុជីវិតអ្នក និងគ្រួសារអ្នក (ប្រពន្ធ-កូន) ពីជំងឺអេដស៍។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ជាពិសេសក្នុងឱកាសដំណើរកំសាន្ដឆ្ងាយពីគ្រួសារ ដូចជា ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានមកដល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានប្រជាពលរដ្ឋយើង មកពីគ្រប់ខេត្ដក្រុង មកទស្សនាការប្រណាំងទូក ប្រារព្ធឡើងធ្វើនៅរាជធានីភ្នំពេញ ដែលរួមមានទាំងកីឡាករប្រណាំងទូកផងដែរ «សូមស្មោះត្រង់នឹងគូមួយនឹងមួយ តែបើដៃគូច្រើន សូមប្រើប្រាស់នូវស្រោមអនាម័យជានិច្ច នោះនឹងការពារអាយុជីវិតអ្នក និងគ្រួសារអ្នកពីជំងឺអេដស៍នេះ»

ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកបវេសនកាល ឆ្នាំសិក្សា២០១៩-២០២០ របស់សាកលវិទ្យាល័យវិទ្យាសាស្ដ្រ សុខាភិបាល ដែលប្រារព្ធធ្វើទៅនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ពិតណាស់រាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ខ្ពស់ និងដាក់ចេញនូវយុទ្ធសាស្ដ្រ ដែលបានធ្វើឱ្យការចម្លងមេរោគអេដស៍ បានថយចុះ ៩៥ ៩៥ ៩៥»

គោលដៅយុទ្ធសាស្ត្រ ៩៥ ៩៥ ៩៥ នៅឆ្នាំ២០២៥ (៩៥% នៃអ្នកដែលផ្ទុកមេរោគអេដស៍ទាំងអស់ បានដឹងពីស្ថានភាព, ផ្ទុកមេរោគអេដស៍ពួកគេ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ ដែលបានធ្វើរោគវិនិច្ឆ័យហើយ បានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ជាប់ជាប្រចាំ និង៩៥% នៃអ្នកទាំងអស់ ដែលទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ ទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍ នៅក្នុងខ្លួនដែលលែងជាគ្រោះគំរាមកំហែងដល់ អ្នកផ្ទុកមេរោគអេដស៍)៕