(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

បើតាមសេចក្តីថ្លែងហេតុ បានឲ្យដឹងថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល គឺជាការបែងចែកសិទ្ធិក្នុងការយកពន្ធរវាងគូភាគី នៃប្រទេសជាហត្ថលេខី ដែលមានអាចកម្រិតផ្នែកខ្លះ នៃការអនុវត្តច្បាប់ និងបទបញ្ញត្តិក្នុងស្រុកស្តីពីពន្ធដារ ហើយនៅក្នុងដំណាក់កាលនៃការអនុវត្តដំបូង អាចមានផលប៉ះពាល់ដល់ចំណូលពន្ធរបស់ប្រទេសប្រភព ដោយសារការកាត់បន្ថយអត្រាពន្ធកាត់ទុក ដែលត្រូវអនុវត្តចំពោះអ្នកជាប់ពន្ធអនិវាសជន និងការបែងចែកសិទ្ធិយកពន្ធលើប្រភេទប្រាក់ចំណូលមួយចំនួន ឲ្យទៅប្រទេសនិវាសនដ្ឋាន តែម្ខាងទៀតផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដែលជាការប៉ះប៉ូវវិញ ដល់ប្រទេសជាហត្ថលេខី ដូចជា៖

១៖ ការទាក់ទាញ និងជំរុញវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ដោយសារការផ្តល់នូវភាពមិនច្បាស់លាស់ តម្លាភាព និងគ្មានការរើសអើងក្នុងវិស័យពន្ធដារ
២៖ កំណើនមូលដ្ឋានពន្ធ
៣៖ លំហូរមូលធនដោយសារភាពទាក់ទាញ នៃអត្រាពន្ធកាត់ទុកលើការប្រាក់ និងភាគលាភ
៤៖ ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេសតាមរយៈបទប្បញ្ញត្តិ ស្តីពីសេវាបច្ចេកទេស និងសួយសារ
៥៖ ការការពារនិវាសនកជនកម្ពុជា ដែលជាវិនិយោគិននៅបរទេស
៦៖ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារ ជាពិសេស ការទប់ស្កាត់ និងការបង្រ្កាបការកិបកេងបន្លំពន្ធ តាមរយៈការផ្លាស់ប្តូរព័ត៌មានរបស់អ្នកជាប់ពន្ធ។

ក្នុងគោលដៅកាត់បន្ថយនូវផលប៉ះពាល់ខ្លះៗ ដូចបានបញ្ជាក់ខាងលើ ក្នុងការចរចាកម្ពុជាប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួន ស្របតាមក្របខ័ណ្ឌគោលនយោបាយ ដែលបានដាក់ចេញដើម្បីការពារ ឲ្យបានជាអតិបរមានូវសិទ្ធិយកពន្ធដាររបស់ខ្លួន ដែលក្នុងនោះកម្ពុជាសម្រេចបាននូវ៖ ១៖ លក្ខខណ្ឌ ដែលផ្តល់ប្រយោជន៍ដល់កម្ពុជា ក្នុងការកំណត់ពន្ធតាមរយៈគ្រឹះស្ថានអចិន្ត្រៃយ៍ ២៖ ការយកពន្ធលើបុព្វលាភធានារ៉ាប់រង ដែលលក់ដោយសហគ្រាសអនិវាសនជន ៣៖ ការយកពន្ធលើការដឹកជញ្ជូនអន្តរជាតិតាមផ្លូវទឹក ៤៖ ការយកពន្ធតាមរយៈសួយសារលើការជួសជុលឧបករណ៍ឧស្សាហកម្ម ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ ៥៖ ការយកពន្ធកាត់ទុកលើកម្រៃសេវាបច្ចេកទេស ៦៖ ការរក្សាបាននូវអត្រាពន្ធកាត់ទុកខ្ពស់ ចៀសវាងបាននូវផលប៉ះពាល់ខ្លាំង លើចំណូលពន្ធជាតិ ៧៖ ការយកពន្ធលើចំណូលផ្សេងៗ របស់អនិវាសនជន ៨៖ ការដាក់បញ្ចូលនូវគោលការណ៍លើកទឹកចិត្ត សម្រាប់គម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមានផលប្រយោជន៍សម្រាប់ធានាភាពទាក់ទាញ នៃការវិនិយោគផ្ទាល់មកពីបរទេស តាមរយៈការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដែលមានចែងក្នុងច្បាប់ស្តីពីវិនយោគ នៃព្រះរាជាណាចក្រកម្ពុជា។ បទបញ្ញត្តិ ដែលកម្ពុជាទាមទារបានខាងលើនេះ មានលក្ខណៈពិសេស ដោយសារជាទូទៅ បណ្តាប្រទេសដទៃមិនធ្លាប់ទាមទារបានឡើយ។

រហូតដល់បច្ចុប្បន្ននេះ កម្ពុជាមានកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាចំនួន៦ គឺ៖ កម្ពុជា-សិង្ហបុរី កម្ពុជា-ចិន កម្ពុជា-ព្រុយណេ កម្ពុជា-ថៃ កម្ពុជា-វៀតណាម និងកម្ពុជា-ឥណ្ឌូនេស៉ី។ ជារួម កិច្ចព្រមព្រៀងកម្ពុជា-ហុងកុង មានលក្ខណៈប្រហាក់ប្រហែលគ្នា ទៅនឹងកិច្ចព្រមព្រៀងទាំង៦នេះ និងបានឆ្លុះបញ្ចាំងអំពីគោលការណ៍សំខាន់ៗ នៃគោលនយោបាយពន្ធអន្តរជាតិ និងបទបញ្ញត្តិស្តីពីពន្ធដាររបស់កម្ពុជា ក៏ដូចជាលំនាំគំរូអង្គការសហប្រជាជាតិ ដែលមានលក្ខណៈអំណោយផល ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជា។

ដើម្បីឲ្យកិច្ចព្រមព្រៀងខាងលើនេះ ចូលជាធរមាននិងអាចអនុវត្តបាន ភាគីទាំងពីរត្រូវបញ្ចប់នីតិវិធីក្នុងស្រុកនានា សម្រាប់ការចូលជាធរមាន និងត្រូវផ្តល់ដំណឹងទៅវិញទៅមក ស្តីពីការបញ្ចប់នីតិវិធីក្នុងស្រុកនេះ។

សេចក្តីព្រាងច្បាប់ស្តីពី សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង របស់ចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ ននីតិប្បញ្ញត្តិ ដែលរួមមាន៣មាត្រា៕