(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំណុះឲ្យយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានត្រួតពិនិត្យកម្លាំង និង បំពាក់អាវុធសម្រាប់ត្រៀមចល័តអន្តរាគមន៍កំចាត់ជនក្បត់ជាតិ ក្បត់ប្រជាជន និងក្បត់ព្រះមហាក្សត្រ ដើម្បីការពារសន្តិភាព និងសេចក្ដីសុខសាន្តជូនប្រជាជន។

នៅចំពោះមុខកងទ័ពទាំងអស់ដែលមានស្មារតីរឹងមាំងយ៉ាងខ្លាំង លោកឧត្តមសេនីយ៍មេបញ្ជាការ បានដាក់បទបញ្ជាត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបឱ្យបានរាល់ជនអគតិទាំងឡាយ ដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត។

លោកឧត្តមសេនីយ៍ បានលើកឡើងថា «សភាពការណ៍ចំពោះមុខដែលយើងទាំងអស់ត្រូវត្រៀមលក្ខណៈនោះគឺបង្ក្រាប និងទប់ស្កាត់រាល់ចលនាទាំងឡាយណា ដែលដែលដឹកនាំដោយទណ្ឌិតក្បត់ ជាតិ សម រង្ស៉ី ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»

លោកមេបញ្ជាការ បានបញ្ជាក់ទៀតថា «ក្នុងនាមយើងកងទ័ពត្រូវគោរពបទបញ្ជា រង់ចាំបទបញ្ជា និងអនុវត្តន៍បទបញ្ជាឱ្យមានប្រសិទ្ធភាព ពិសេសត្រូវស្មោះត្រង់ជានិច្ចជាមួយជាតិ សាសនា ព្រះមហាក្សត្យ ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមិនត្រូវអនុញ្ញាតឱ្យជនណាមួយ ឬក្រុមណាមួយមកបំផ្លាញបានឡើយ។ ម្យ៉ាងវិញទៀត ត្រូវការពារឱ្យបានសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ»

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវទប់ស្កាត់នូវរាល់បទល្មើសទាំងឡាយ ដែលកើតមានឡើងក្នុងភូមិសាស្ត្រឈរជើងរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព៕