(ព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេង និងរថយន្តដឹកថ្ម បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រហូតនាំគ្នាទៅដណ្តើមត្រងយកប្រេងពីរថយន្តដឹកប្រេងនោះ។

ហេតុការណ៍នេះ កើតឡើងនៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

អធិការរងទទួលផែនចរាចរណ៍ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តដឹកប្រេងតេលា ពាក់ផ្លាកលេខ ភ្នំពេញ 3B-83 71 បើកបរដោយឈ្មោះ អ៊ួន ប៊ុនថាង អាយុ២២ឆ្នាំ ក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ ខណៈរថយន្តធុនធំដឹកថ្មម៉ាក STELL ពាក់ស្លាកលេខព្រះសីហនុ 3A-76.46 បើកបរដោយឈ្មោះ យង់ មករា អាយុ២៤ឆ្នាំ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបររថយន្តដឹកថ្មរងរបួសធ្ងន់។

ក្រោយកើតហេតុ កម្លាំងនគរបាល បានសំអាតប្រេងតាមផ្លូវ និងដោះស្រាយតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក៕