(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះជួបសំណេះសំណាលជាមួយកីឡាករអុំទូកងសរុបជាង ២០០នាក់ ដើម្បីណែនាំការងារមួយចំនួន មុនចេញដំណើរទៅចូលរួមប្រកួតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីប សំពះព្រះខែ។

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីប សំពះព្រះខែ នឹងឈានចូលមកដល់នាថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆាប់ៗខាងមុខ។

គួរជម្រាបថា ស្រុកបារាយណ៍មានទូកងអុំចំនួន២ និងទូកចែវ១ ត្រៀមចូលរួមប្រកួតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ក្នុងនោះរួមមាន៖ ទូកង «ចតុលោកតេជោសែនជ័យ» និងទូកង «ធនស័ក្តិតេជោសែនជ័យបារមីវត្តបាណក» ហើយទូកចែវមានឈ្មោះ «តេជោសែនជ័យបារមីវត្តកងមាស»។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារ និងគណៈកម្មការគ្រប់គ្រងទូកងទាំងបី ត្រៀមលក្ខណៈដើម្បីដឹកជញ្ជូនក្រុមកីឡាករទូកតាមរថយន្ត និងអូសសណ្ដោងទូកតាមផ្លូវទឹកមករាជធានីភ្នំពេញឱ្យបានល្អ និងធានាសុខសុវត្ថិភាព ដើម្បីចូលរួមពិធីបុណ្យអុំទូក។

លោកបន្តថា នៅពេលមកដល់ភ្នំពេញ ក្រុមការងារ និងគណៈកម្មការត្រូវយកចិត្តទុកដាក់លើការស្នាក់នៅ ហូបចុក អនាម័យ និងសុខភាពរបស់ក្រុមកីឡាករទូក។ គណៈកម្មការ និងក្រុមកីឡាករទូកង ត្រូវត្រៀមកម្លាំងដើម្បីហ្វឹកហាត់នៅភ្នំពេញឱ្យបានហ្មត់ចត់ ពិសេសលក្ខណៈបច្ចេកទេសក្នុងការអុំទូក។

ម្យ៉ាងទៀត គណៈកម្មការ និងក្រុមកីឡាករទូកង ត្រូវគោរពវិន័យ បទបញ្ជា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ពិសេសត្រូវខិតខំហ្វឹកហាត់ និងរួមកម្លាំងគ្នាដើម្បីធ្វើយ៉ាងណាឱ្យល្បឿនទូក ងកាន់តែលឿនជាងមុន និងលើកកិត្តិយសសម្រាប់ខេត្តកំពង់ធំ និងស្រុកបារាយណ៍។

លោក ថោង ខុន ក៏បានជំរុញឱ្យកីឡាករអុំទូកទាំងអស់ត្រូវថែរក្សាសុខភាព ហូបអាហារឱ្យមានអនាម័យ និងដាច់ខាតមិនត្រូវពិសារគ្រឿងស្រវឹង នឹងកុំភ្លេចយកអំបុកទៅទទួលទាននៅភ្នំពេញទាំងអស់គ្នា ដើម្បីចូលរួមអបអរ និងហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ទាំងអស់គ្នាផងដែរ។

លោក ឃន ចាន់ថៃ អភិបាលរងស្រុកបារាយណ៍ និងជាតំណាងគណៈកម្មការទូកងស្រុកបារាយណ៍បានឱ្យដឹងដែរថា ជោគជ័យដ៏ធំធេងរបស់ទូកង ក្នុងស្រុកបារាយណ៍នាឆ្នាំ២០១៨ កន្លងមកនេះ គឺកើតចេញពីជួយឧបត្ថម្ភគាំទ្រ និងទំនុកបំរុងគ្រប់បែបយ៉ាងពីសំណាក់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក លោកស្រីជាថ្នាក់ដឹកនាំ មន្រ្តីក្រសួងទេសចរណ៍ ពីថ្នាក់ដឹកនាំ មន្រ្តីរដ្ឋបាលស្រុកបារាយណ៍ ស្រុកតាំងគោក ព្រមទាំងមានការជួយឧបត្តម្ភពីក្រុមហ៊ុនឯកជន សមាគម និងសប្បុរសជននានាផងដែរ។

លោកបានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០១៩នេះ គណៈកម្មការ និងក្រុមកីឡាករទូកទាំងអស់ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីរក្សាការពារខ្សែក្រវ៉ាត់ក្នុងគូពិសេសនេះ និងឈានទៅបង្កើនល្បឿនទូកឲ្យកាន់តែលឿនជាងឆ្នាំមុនទៀតថែមទៀត។

ប្រជាពលរដ្ឋ ក៏ដូចជាកីឡាករអុំទូកង បានបង្ហាញការសាទរយ៉ាងក្លៀវក្លាចំពោះការជួយឧបត្ថម្ភ និងការណែនាំនូវការងារពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យអុំទូកនេះផងដែរ ដោយពួកគាត់បានប្តេជ្ញាចិត្តថា និងចូលរួមអបអរ និងទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងឱកាសជួបសំណោះសំណាលនេះដែរ លោករដ្ឋមន្ត្រីក៏បានចែកជូននូវអំណោយមួយចំនួនដល់ក្រុមកីឡាករទូក ង មានដូចជា អង្ករម្នាក់ ២៥គីឡូក្រាម សំរាប់ទុកជូនគ្រួសារ នៅផ្ទះ ថ្នាំពេទ្យ TIFFY ម្នាក់ ០៣បន្ទះ និងថវិកាម្នាក់ ២ម៉ឺនរៀល៕