(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានថ្លែងទៅកាន់ពុទ្ធបរិស័ទ នៅវត្តទួលតាកែវឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀងថា ការធ្វើអង្គកឋិនទាននេះ ឡើងដើម្បីប្រមូលបច្ច័យកសាងវត្តអារាមឲ្យកាន់តែរីកចម្រើន និងក៏ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឲ្យរឹងមាំដោយវិស័យពុទ្ធចក្រនិងអាណាចក្រត្រូវដើរទន្ទឹមគ្នាមិនអាចខ្វះវិស័យមួយណាបានឡើយ ព្រោះប្រទេសយើងយកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ។

ការថ្លែងបែបនេះ បានធ្វើឡើងខណៈដែល លោកនាយឧត្តមសេនីយ៍ និងក្រុមការងារ បានដង្ហែរអង្គកឋិនទានទៅកាន់វត្តទួលតាកែវ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រមូលបច្ច័យបានជាង៣មុឺនដុល្លារអាមេរិកផងដែរ។

លោកជៀង អំ បានថ្លែងបញ្ជាក់ថា អង្គកឋិនទាន ដែលបានធ្វើឡើងនាពេលនេះ ក្នុងគោលបំណងនាំយកនូវបច្ច័យ ស្បង់ជីវរ វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ដើមី្បប្រមូលបច្ច័យកសាងសមទ្ធិផលនានា ក្នុងវត្តទួលតាកែវ និងសូមឲ្យកុសល្យផលបុណ្យបានធ្វើនាពេលនេះបានដល់ម្ចាស់ទាន នៃអង្គកឋិននិងប្រជាពុទ្ធបរិស័ទគ្រប់ៗគ្នា ជាពិសេសយើងទាំងអស់គ្នាបានមកជួបជុំធ្វើបុណ្យធ្វើទាននាពេលនេះ ដោយសារប្រទេសជាតិយើង មានសុខសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។

សូមបញ្ជាក់ថា កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើឡើង បន្ទាប់ពីចេញវស្សា។ បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ ហើយបើទីអារាមណា មិនមានអង្គកឋិនហែរចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ចំណែកអ្នកផ្ដើមបុណ្យ ត្រូវរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រ ដើម្បីហែរទៅទីអារាមដែលបានកំណត់។

កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ ។ ក្នុងវត្តមួយ បើគ្មានភិក្ខុចាំវស្សា សោះ វត្តនោះក៏មិនអាចហែរ កឋិនចូលបានដែរ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ យ៉ាងហោចបំផុត ត្រូវមានភិក្ខុ ១អង្គ ដែលបានចាំវស្សា អស់រៈពេល ៣ខែ បានត្រឹមត្រូវទាំងបព្វជិត ទាំងគ្រហស្ថ អាចធ្វើកឋិនទានបានដូចគ្នាព្រះពុទ្ធជាម្ចាស់ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឈទទួលកឋិន គឺក្រាលគ្រងអនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាក ក្នុងការប្រើប្រាស់បច្ច័យមួយចំនួន ដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃ ហើយការសម្រាល ទុក្ខនេះទៀតសោត ក៏បានតែត្រឹមរយៈកាល ៥ខែ និងបានចំពោះតែភិក្ខុ ដែលចូល វស្សា អស់ត្រីមាស បានត្រឹមត្រូវ មិនដាច់វស្សានោះ៕