(មណ្ឌលគិរី)៖ មន្រ្តីនគរបាលម្នាក់បម្រើការនៅកងវរការពារព្រំដែនគោគ៣០៣ ខេត្តមណ្ឌលគិរី បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយត្រូវរថយន្តបុកតាមបណ្តោយផ្លូវ៧៦ ចន្លោះគីឡូម៉ែត្រ១២៩-១៣០ នៅក្រុងសែនមនោរម្យ ដែលអ្នកបើកបររថយន្តជាមន្រ្តីយោធាបម្រើការងារនៅសឹករងស្រុកអូររាំង។

លោក យឹម ចិន្តា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនាព្រលប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ មន្រ្តីនគរបាលដែលស្លាប់នោះមានឈ្មោះ ស៊ឹម ភូរិត អាយុ៥១ឆ្នាំ បម្រើការងារនៅវរការពារនគរបាលព្រំដែនគោកលេ៣០៣ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

លោកអះអាងថា ជនរងគ្រោះមានស្រុកកំណើតនៅភូមិត្រពាំងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រីឯជនបង្កមានឈ្មោះ ប៊ុន វ៉ាង ជាមន្ត្រីយោធាសឹករងស្រុកអូររាំង បើកបររថយន្តម៉ាក AVALON ស្លាកលេខ ភ្នំពេញ 2G-7140 ពណ៌ទឹកមាស។

លោក ទិន ស៊ីន មេបញ្ជាការវរនគរបាលព្រំដែនគោក៣០៣ បានឲ្យដឹងថា តាំងពីពេលកើតហេតុរហូតដល់ព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ រូបលោកផ្ទាល់ រួមនឹងមន្រ្តីនគរបាលជាច្រើននាក់ដែលជាមិត្តរួមការងារ បាននាំយកសពប្រគល់ជូនក្រុមគ្រួសារនៅខេត្តកំពង់ស្ពឺ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

ទោះយ៉ាងណា មិនទាន់មានប្រភពណាមួយបញ្ជាក់ថា ជនបង្ក និងជនរងគ្រោះធ្លាប់មានគំនុំ ឬបញ្ហាអ្វីនឹងគ្នានៅឡើយទេ៕