(បាងកក, ថៃ)៖ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នាទីក្រុងបាងកក ប្រទេសថៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីប្រទេសវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីប្រទេសឡាវ។

ក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងបី ពិសេសការរិះរកគ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍសម្រាប់ប្រទេសទាំងបី ដែលក្នុងនោះភាគីទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើការបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថិរភាព ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និង វៀតណាម។

នៅក្នុងជំនួបពិភាក្សាការងារនោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី ក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោងអាទិភាព នៃការអភិវឌ្ឍឲ្យមានការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែទទួលបាន នូវការលើកកម្ពស់ និងមានជីវភាពកាន់តែប្រសើរឡើង៕