(បាងកក, ថៃ)៖ កិច្ចប្រជុំកំពូល (ពេញអង្គ)របស់អាស៊ានលើកទី៣៥ បានប្រារព្វពិធីបើកជាផ្លូវការហើយនៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៉ីផែក ជាយរាជធានីបាងកក ក្នុងខេត្តនុនថាក់បូរី ប្រទេសថៃ។ ពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ាន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមជាទីបំផុត។

ព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងលោកអគ្គលេខាធិការអាស៊ាន ត្រូវបានទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួន ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលទាំងអស់ បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការងារដែលបានបំពេញក្នុងការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជាដៃគូសម្រាប់ចីរភាព។

ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានកត់សម្គាល់សាជាថ្មី អំពីគោលបំណងក្នុងការឆ្ពោះទៅសម្រេចបានអាស៊ានប្រកបដោយចីរភាព តាមរយ:ការបង្កើនសន្តិសុខប្រកបដោយចីរភាព ការលើកកម្ពស់ការភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់ពិភពលោក និងបន្តឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និងនាំមកនូវស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ក្នុងកិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំងអស់ ក៏បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់យ៉ាងពេញលេញ នូវបច្ចេកវិទ្យាទំនើប ដែលជាលទ្ធផលនៃបដិវត្តន៍ឱស្សាហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយការផ្លាស់ប្តូរដែលកើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។

មេដឹកនាំអាស៊ាន បានសំដែងនូវសេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញនូវវឌ្ឍនភាពប្រកបដោយចីរភាព ក្នុងការអនុវត្តផែនការលម្អិត នៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ និងបានលើកទឹកចិត្តដល់អង្គភាពនៃវិស័យពាក់ព័ន្ធនានា ឱ្យបន្តកិច្ចការរបស់ខ្លួន ក្នុងការដោះស្រាយបន្ទាត់សកម្មភាពដែលនៅសេសសល់ ខណ:ពេលរក្សាសន្ទុះក្នុងការចាត់វិធានការបន្ថែមទៀត ចំពោះបន្ទាត់សកម្មភាពដែលបានអនុវត្តរួចហើយ។

មេដឹកនាំអាស៊ាន ក៏បានទន្ទឹងរង់ចាំនូវការត្រួតពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិ នៃផែនការលម្អិតខាងលើ ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២០។

មេដឹកនាំអាស៊ានក៏បានបញ្ជាក់ជាថ្មីនូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាក្រមប្រតិបត្តិដ៏សំខាន់មួយក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងជាមូលដ្ឋានគ្រឹ:ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ពិសេសទៅទៀតនោះ មេដឹកនាំអាស៊ានបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀត នូវគោលការណ៍នានាដូចមានចែងក្នុង TAC ឲ្យកាន់តែទូលំទូលាយនៅក្នុងតំបន់ និងបានសង្កត់ធ្ងន់អំពីសារ:សំខាន់ នៃរដ្ឋជាភាគីទាំងអស់ (High Contracting Parties) ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានេះ។

មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះការចូលជាសមាជិក TAC របស់ប្រទេសប៉េរ៉ូ បារ៉ែន និងអាល្លឺម៉ង់ នៅឆ្នាំ២០១៩នេះ ហើយទន្ទឹងរង់ចាំការចូលជាផ្លូវការរបស់អាហ្រ្វិកខាងត្បូង។ មេដឹកនាំអាស៊ាន ក៏បានកត់សម្គាល់ពីការបំពេញដោយជោគជ័យនូវបេសកកម្មស្វែងរកការពិតរបស់សហគមន៍នយោបាយ-សន្តិសុខអាស៊ាន នៅប្រទេសទីម័រឡេស្តេ កាលពីថ្ងៃទី៤-៦ ខែកញ្ញា ឆ្នាំ២០១៩។

មេដឹកនាំអាស៊ាន បានលើកទឹកចិត្តឲ្យសសរស្តម្ភ នៃសហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ជំរុញឲ្យមានបេសកកម្មស្វែងរកការពិតពី សហគមន៍របស់ខ្លួនឲ្យបានឆាប់រហ័ស។

មេដឹកនាំអាស៊ាន ក៏បានអរគុណចំពោះឆន្ទ:នយោបាយដ៏រឹងមាំរបស់ទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មី ក្នុងការគាំទ្រការអភិវឌ្ឍទីម័រឡេស្តេ តាមរយ:ជំនួយកសាងសមត្ថភាពទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។

េមដឹកនាំអាស៊ាន ក៏បានទទួលស្គាល់ការជឿនលឿនជាលំដាប់ និងប្រភេទនៃការគំរាមកំហែងឆ្លងដែនតាមប្រព័ន្ធអ៉ីនធើណែត ក្នុងការធានាឱ្យយបាននូវលំហរអ៉ីនធើណែតមួយប្រកបដោយភាពបើកចំហ សុវត្តិភាព ស្ថិរភាព អាចប្រើប្រាស់បាន និងប្រកបដោយភាពធនរឹងមាំដើម្បីគាំទ្រដល់សេដ្ឋកិច្ចឌីជីថលអាស៊ាន។

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលពេញអង្គអាស៊ានថា អាស៊ាននៅមានសក្តានុពលច្រើន ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ តាមរយ:ការជំរុញពាណិជ្ជកម្មផ្ទៃក្នុង សំដៅ បង្កើនខ្សែសង្វាក់ផលិតកម្មតំបន់ និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។

សម្តេចតេជោបន្តថា ដើម្បីសម្រេចបានគោលដៅខាងលើ អាស៊ាន ចាំបាច់ត្រូវផ្តោតអាទិភាពទៅលើការបន្តដោះស្រាយបញ្ហារបាំងមិនមែនពន្ធ និងការបង្កើនកិច្ចប្រឹងប្រែងសម្រួលពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវគោលដៅសំខាន់ពីរ គឺការកាត់បន្ថយចំណាយប្រតិបត្តិការពាណិជ្ជកម្ម១០ភាគរយ នៅឆ្នាំ២០២០ និងការបង្កើនពាណិជ្ជកម្មអាស៊ានទ្វេដងនៅឆ្នាំ ២០២៥៕