(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក គឺកម្មវិធី «X Factor Cambodia» នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយកម្មវិធីនេះនាំមកជូនផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) ។

វគ្គផ្តាច់ព្រ័ត្រនេះមានតែបេក្ខជន៤រូបប៉ុណ្ណោះ អាចបញ្ចេញសមត្ថភាពនៅលើឆាក ហើយមានបេក្ខជន១រូបប៉ុណ្ណោះ ដែលជាអ្នកលើកពាននៃកម្មវិធី X Factor Cambodia រដូវកាលទីមួយនេះ។ ដោយឡែកបេក្ខជន៤រូបដែលត្រៀមប្រកួតមានឈ្មោះដូចជា ៖ បេក្ខជន ចាន់ កូម៉ែន និងបេក្ខជន សំ សុវណ្ណារ៉ាក់ មកពីខេត្តកំពត, បេក្ខជន ចាន់ សុបញ្ញា មកពីខេត្តកំពង់ចាម និងបេក្ខជន គង់ ចំរើន មកពីខេត្តសៀមរាប។

ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ចំនួន ១០០លានរៀល និងចុះកុងត្រាជាតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ដែលត្រៀមនឹងចេញបទចម្រៀង ក្នុងអាល់ប៊ុមពិសេសដើមឆ្នាំ២០២០។

តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ លោកស្រី គង់ កុសល បានលើកទឹកចិត្តអ្នកគំាទ្រវិស័យសិល្បៈ ចម្រៀងទាំងអស់សូមចំណាយពេលវេលា ចូលរួមទស្សនាការប្រកួតផ្ទាល់ឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់សិល្បករខ្មែរជំនាន់ក្រោយ ឬទស្សនាតាមកញ្ចក់ទូរទស្សន៍រស្មីហង្សមាស។

លោកស្រីបន្ថែមថា « តើអ្នកទាំងអស់គ្នាចង់ឱ្យបេក្ខជន មកពីខេត្តណាជាអ្នកលើកពាន? សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា និងទស្សន៍ទាយថាតារាក្នុងដួងចិត្តរបស់អ្នក ឬរបស់គេជាម្ចាស់ពាននេះ»៕