(ភ្នំពេញ))៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អំពាវនាវឲ្យមហាជនចូលរួមប្រឆាំងដាច់ខាតចំពោះឧក្រិដ្ឋកម្ម របស់ទណ្ឌិត សម រង្ស៊ី ក្នុងការបំផ្លិចបំផ្លាញជាតិ ដោយជួយសហការរាយការណ៍ អំពីផែនការក្បត់ និងមុខសញ្ញាពាក់ព័ន្ធជូនទៅអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដើម្បីឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព។

លើសពីនេះអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឲ្យមហាជនដាច់ខាតកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ក្បត់ជាតិ សម រង្ស៊ី ព្រោះអាចនាំឲ្យខ្លួនជាប់ពាក់ព័ន្ធ នឹងអំពើ «រួមគំនិតក្បត់» ដែលជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។

ការអំពាវនាវយ៉ាងដូច្នេះរបស់លោក ជា ពិសី ធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរបើកបវេសនការឆ្នាំសិក្សាថ្មី២០១៩-២០២០ ដោយនាំយកអំណោយរបស់ លោក ហ៊ុន ម៉ា ណែត និងភរិយា ដែលមានជាសម្ភារសិក្សា (សៀវភៅរូបសម្ដេចតេជោ និងប៊ិច) ព្រមទាំងថវិកាមកឧបត្ថម្ភជូនលោកនាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យចម្រើនជាតិ ជាងមួយពាន់នាក់ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងឱកាសអបអរសាទរបើកបវេសនការឆ្នាំសិក្សាថ្មី២០១៩-២០២០នេះ ក្រៅពីអំពាវនាវឲ្យមហាជនចូលរួមប្រឆាំងដាច់ខាតចំពោះឧក្រិដ្ឋកម្ម បំផ្លិចបំផ្លាញជាតិ ដែលជាឧបាយកល បោកបញ្ឆោតរបស់ឧក្រិដ្ឋជន ទណ្ឌិត សម រង្ស៊ី, លោក ជា ពិសី បានគូសបញ្ជាក់ថា រាល់បុគ្គលទាំងឡាយណា ដែលចូលរួម «បទល្មើស រួមគំនិតក្បត់» នៅក្នុងគម្រោងការនេះ ត្រូវជាប់ទោស មានចែងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារ ពី៥ឆ្នាំ ទៅ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមទម្ងន់ ដាក់ពន្ធនាគារ ពី១០ ទៅ២០ឆ្នាំ ប្រសិនបើជនល្មើសគឺជាអ្នករាជការសាធារណៈ។

លោក ជា ពិសី ចាត់ទុកថា «ការវិលត្រឡប់របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិចឆិកាខាងមុខ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈការប្រើប្រាស់ វិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកល បោកបញ្ឆោត អូសទាញ ប្រមូលផ្ដុំកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិឲ្យបះបោរ តាមរូបភាពជាបដិវត្ត ដោយហិង្សា ក្នុងគោលដៅផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់»។

លោកបន្តថា ចំពោះផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ នៃឧបាយកល បោកបញ្ឆោតរបស់ឧក្រិដ្ឋជន ទណ្ឌិត សម រង្សី គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើស ឧបឃាត» តាមបញ្ញត្តិ មាត្រា៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារ ពី១៥ឆ្នាំ ទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ «បទល្មើសឧបឃាត» ត្រូវដាក់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែចំពោះបុគ្គលណា ដែលបានចូលរួមក្នុងអំពើ «រួមគំនិតក្បត់» តែបុគ្គលនោះ បានសារភាព ចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងជួយសហការបង្ក្រាប នឹងត្រូវទទួលបានការលើកលែងឲ្យរួចផុត ពីការទទួលទោស ដោយអនុលោម តាមបញ្ញត្តិ មាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា មួយរយៈចុងក្រោយនេះ មានមនុស្សមួយក្រុម ដែលដឹកនាំដោយទណ្ឌិត ក្បត់ជាតិ សម រង្សី បានប្រកាស អំពីផែនការវិលត្រឡប់មកកម្ពុជាវិញ មានទាំងការកែនមហាជនឲ្យងើបឡើង, ប្រមូលកម្លាំងកងទ័ព, ប្រមូលលុយចិញ្ចឹមទ័ព និងផែនការមួយចំនួនទៀត ដែលអាចសន្និដ្ឋានបានថា ជាផែនការមួយធ្វើឡើង ក្នុងគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាល ដែលកើតឡើងពីការបោះឆ្នោត ដោយស្របច្បាប់៕