(តាកែវ)៖ លោក ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ បានជំរុញឲ្យលោកគ្រូ អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយៈការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សានុសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយ អភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។

ការជំរុញយ៉ាងដូច្នេះ បានធើ្វឡើងក្នុងឱកាសចូលរួមពីធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅអនុវិទ្យាល័យ ច័ន្ទ សារុន សម្ពោធិញ្ញាណស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោកស្រី ជា ណារ៉េម អភិបាលរងស្រុកបាទី, ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកបាទី, លោកនាយក នាយករង, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យច័ន្ទ សារុន សម្ពោធិញ្ញាណ ជាច្រើនរូប។

លោក ច័ន្ទ សារុន បានគូសបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាអាទិភាពទី១ ជាមួយនឹងការប្តេជ្ញាសម្រេចឲ្យបាននូវមុំទី១ គឺការពង្រឹង គុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការទាញយកប្រយោជន៍ពីកាលានុវត្តភាពនៅក្នុងតំបន់ ការចាប់យកបច្ចេកវិទ្យា និងឱកាសថ្មីៗ ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព។

ក្នុងស្មារតីនេះ កម្ពុជាបានធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍប្រកបដោយចីរភាពស្តីពីការអប់រំឆ្នាំ២០៣០ឆ្ពោះ ទៅធានាគុណភាពអប់រំប្រកបដោយបរិយាបន្ននិងលើកកម្ពស់ការសិក្សាពេញមួយជីវិត សំដៅធានាបាននូវសិទ្ធិសេរីភាព និងសុភមង្គលសម្រាប់បុគ្គល គ្រួសារ និងសង្គមជាតិ ដោយជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយរាល់បញ្ហា និងសំណូមពរទាំងឡាយដើម្បីលើកកម្ពស់ វិស័យអប់រំ នៅកម្ពុជាបង្កើតធនធានមនុស្ស និងមូលធនបញ្ញា ទាំងអ្នកសិក្សា និងគ្រូបង្រៀនប្រកបដោយគុណភាព សមត្ថភាព ស្របតាមនិន្នាការរីកចម្រើន និងបទដ្ឋានអប់រំនៅក្នុងតំបន់ និងពិភពលោក។

តំណាងរាស្ត្រមណ្ឌលតាកែវ បានបន្តទៀតថា តាមខ្លឹមសារនៃសារលិខិតរបស់ សម្តេចតេជោ ក៏បានជំរុញឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយៈការខិតខំ ប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សានុសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយ អភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញ ណែនាំដល់ក្មួយៗជាសិស្សានុសិស្ស និងយុវជន យុវនារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្លួនត្រូវចូលរួមឲ្យបានគ្រប់សកម្មភាព ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិយើង ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការងារនៃ ការបង្កើនប្រសិទ្ធភាព ក្នុងការប្រើប្រាស់ហិរញ្ញប្បទាន សម្រាប់គ្រឹះស្ថានសិក្សា ការពង្រាយគ្រូបង្រៀន ឲ្យបានដល់គ្រប់សាលារៀន និងការបន្តអភិវឌ្ឍសមត្ថភាពនាយកសាលា និងគ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល និងគ្រឹះស្ថានសិក្សា ពិសេសការពង្រឹង ការងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំផងដែរ។

លោក ច័ន្ទ សារុន ក៏បានផ្តាំផ្ញើរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រស្តាប់ដំបូន្មានរបស់ លោកគ្រូ អ្នកគ្រូ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួនដើម្បីឲ្យក្លាយ ខ្លួនជា កូនល្អ សិស្សល្អ មិត្តល្អ ដើម្បីជាទំពាំងស្នងឫស្សីសំរាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។

លោក អៀម ឈុន នាយកអនុវិទ្យាល័យ ច័ន្ទ សារុន សម្ពោធិញ្ញាណ បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០១៩-២០២០ អនុវិទ្យាល័យ និងបឋមសិក្សា ច័ន្ទ សារុន សម្ពោធិញ្ញាណ មានបុគ្គលិកសិក្សាសរុបចំនួន៤៣នាក់ ស្រី១៨នាក់ ក្នុងនោះអនុវិទ្យាល័យ មានបុគ្គលិកសរុបចំនួន២៨នាក់ ស្រី៩នាក់ និងបឋមសិក្សា មានបុគ្គលិកសរុបចំនួន១៥នាក់ ស្រី៩នាក់។

ដោយឡែក ក្នុងឆ្នាំសិក្សាថ្មី២០១៩-២០២០នេះដែរ អនុវិទ្យាល័យ និងបឋមសិក្សា ច័ន្ទ សារុន សម្ពោធិញ្ញាណ មានសិស្សានុសិស្សសរុបចំនួន១៤៤៦នាក់ ស្រី៦៩១នាក់ ហើយបច្ចុប្បន្ននេះ អនុវិទ្យាល័យ និងបឋមសិក្សាច័ន្ទ សារុន សម្ពោធិញ្ញាណ មានអគារសិក្សាសរុបចំនួន៧ខ្នង ស្មើនឹង៣៣បន្ទប់ និងទីចាត់ការ១ខ្នង។សូម បញ្ចាក់ថា ក្នុងឱកាសនោះ លោក ច័ន្ទ សារុន និងភរិយា បានចែកអំណោយអនុស្សាវរីយ៍ដល់សិស្សានុសិស្សមត្តេយ្យសិក្សា នូវសំលៀកបំពាក់៣៥កំប្លេរ សៀវភៅ២ក្បាល ប៊ិច១ដើម, សិស្សានុសិស្សបឋមសិក្សាចំនួន ៧៧៩ នាក់ក្នុង ម្នាក់ៗ ទទួលបានសៀវភៅ២ក្បាល និងប៊ិច១ដើម, សិស្សអនុវទ្យាល័យចំនួន៦៣៤នាក់ក្នុងម្នាក់ៗ ទទួលបានសៀវភៅ៤ក្បាល ប៊ិច១ដើម, លោកគ្រូ អ្នកគ្រូចំនួន៤៣នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា៤៥០០០រៀល ,ផ្តល់បាល់៥គ្រាប់ដល់អនុវិទ្យាល័យ ច័ន្ទ សារុនសម្ពោធិញ្ញាណ ឧបត្ថម្ភសម្រាប់ការរៀបចំកម្មវិធីថវិកាចំនួន១លាន៩០ម៉ឺនរៀល ចំពោះនគរបាលការពារ ក្រុមប្រឹក្សា មេភូមិ មន្ត្រី រាជការ ប្រជាពលរដ្ឋសរុបចំនួន១៥៤នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងបានឧបត្ថម្ភដល់សិស្សពូកែលេខ១ ក្នុងអនុវិទ្យាល័យ ច័ន្ទ សារុន សម្ពោធិញ្ញាណ ចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានកង់១គ្រឿង ផងដែរ៕