(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរគមន៍លេខ៧ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសថា ទាហានទាំងអស់ក្នុងអង្គភាពកងពលតូច អន្តរាគមន៍លេខ៧ ប្តេជ្ញាក្នុងការទប់ទល់ជាមួយពួកក្បត់ជាតិទាំងក្រៅស្រុក និងក្នុងស្រុក ហើយប្រកាសទៀតថា ឲ្យតែមានការបះបោរ ធ្វើបដិវត្តពណ៌ ចង់ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល គឺត្រូវតែកម្ទេចចោលភ្លាម។

លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានបញ្ជាក់ខ្លាំងៗថា «មកដល់ម៉ោងនេះ កម្លាំងទាហានទាំងអស់ទូទាំងកងពល បានត្រៀមលក្ខណៈរួចរាល់ និងសម្ភារគ្រប់គ្រាន់ក្នុងការត្រៀមកម្ចាត់ជនក្បត់ជាតិ ទណ្ឌិតសម រង្សី និងបក្ខពួក ទាំងក្នុងស្រុក និងក្រៅស្រុក បើសិនជាហ៊ានធ្វើសកម្មភាពបដិវត្តន៍ពណ៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត»

លោកឧត្តមេសនីយ៍ទោមេបញ្ជាការ បានបញ្ជាក់ទៀតថា ទាហានទាំងអស់ទូទាំងកងពលតូចអន្តរាគមន៍លេខ៧ ប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ជានិច្ចជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានោះ លោកក៏បានដាក់ចេញនូវបទបញ្ជាដល់កងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ទប់ទល់និងសភាពការណ៍ ដែលបានកើតឡើងជាយថាហេតុ ពិសេសគឺត្រូវគោរពបទបញ្ជា រង់ចាំបទបញ្ជា និងអនុវត្តន៍បទបញ្ជាឲ្យបានដាច់ខាត៕