(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងយ៉ាងដូច្នេះថា សិស្សានុសិស្សទាំងអស់ ជាអ្នកបន្តវេនជំនាន់ក្រោយ ត្រូវប្រើប្រាស់តួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ រក្សាឲ្យបាននូវភាពថ្លៃថ្នូរ មានគុណធម៌ អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពរបស់ខ្លួនស័ក្តិសមជាអ្នកបន្តវេនដ៏ល្អ ត្រូវខិតខំរៀនសូត្រ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអញ្ជើញជាអធិបតី បើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ និងទិវារំលឹកគុណគ្រូបង្រៀន៥តុលា នៅវិទ្យាល័យជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានសិស្សានុសិស្សប្រមាណជាង១ពាន់នាក់ផងដែរ។

លោករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរថា «សូមកុំជឿតាមការញុះញង់ណាមួយរបស់ជនក្បត់ជាតិទណ្ឌិតរត់ចោលស្រុកឲ្យសោះ ដែលជាហេតុនាំឲ្យខ្លួនឯងក្លាយជាអ្នកទោសដោយមិនដឹងខ្លួន ហើយត្រូវយកពេលវេលាខិតខំធ្វើការផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារនោះទើបជាការប្រសើរជាង»។

លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី បង្ហាត់បង្រៀនសិស្សឲ្យទទួលបានចំណេះដឹងជំនាញសីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អដែលជាសសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យសម្បូររុងរឿងជាមួយគ្នានេះដែល ការចូលរួមរបស់មាតាបិតាសិស្ស ក៏ជាអាណាព្យាបាលអាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ កម្លាំងមួយជួយដល់ការអភិវឌ្ឍវិស័យអប់រំឲ្យមានដំណើរការបានល្អ។

លោករដ្ឋមន្ត្រី វង សូត បានក្រើនរំលឹកថា សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់សិក្សា ខិតខំក្រេបយកចំណេះវិជ្ជាពីព្រឹទ្ធាចារ្យ ហើយត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន បើកបរត្រូវគោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់ខ្ជួន និងជៀសឲ្យឆ្ងាយអំពើអបាយមុខគ្រប់ប្រភេទផងដែរ។ ម្យ៉ាងទៀត សូមសិស្សានុសិស្សទាំងអស់ចូលរួមក្នុងវិស័យអប់រំត្រូវខិតខំរៀនសូត្រ ដើម្បីទទួលបានចំណាត់ថ្នាក់ល្អជាថ្នាលបន្តវេនដល់ល្អ ជាពលរដ្ឋល្អក្នុងសង្គម ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ ព្រោះប្អូនៗ ក្មួយៗ គឺជាទំពាងស្នងឫស្សី សម្រាប់អនាគត់ប្រទេសជាតិ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បាននាំយកថវិការចែកជួនដល់សិស្សចំណាត់ថ្នាក់លេខ១ ចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបានថវិការ១០០,០០០រៀល, ចំណាត់ថ្នាក់លេខ២ ចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបានថវិការ៥០,០០០រៀល, ចំណាត់ថ្នាក់លេខ៣ លេខ៤ លេខ៥ ចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣០,០០០រៀល, បំប៉នសិស្សចំនួន៣,០០០,០០០រៀល, នាយកសាលាចំនួន១,០០០,០០០រៀល, ក្រុមប្រឹក្សាឃុំ ១,០០០,០០០រៀល, ប្រជាការពារចំនួន១៥០,០០០រៀល, មេភូមិ២៦នាក់ ថវិកា២៦០,០០០រៀល, វត្តចំនួន៦ ក្នុង១វត្តទទួលបច្ច័យចំនួន៥០០,០០០រៀល, និងសំលៀកបំពាក់កីឡាករចំនួន១,០០០,០០០រៀល សរុបថវិកាចំនួន១០,៦១០,០០០រៀលផងដែរ៕