(កណ្ដាល)៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា ការអប់រំប្រកបដោយចីរភាព ពិតជាមានសារៈសំខាន់ដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស។

លោកបានថ្លែងបែបនេះ នៅក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្ដាលនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកបានបន្តទៀតថា ពេលនេះរាជរដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាតាមរយៈការទាញយកផលប្រយោជន៍ពីការអនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិដើម្បីធានាបានកំណើន សេដ្ឋកិច្ចខ្ពស់ប្រកបដោយថីរភាព។

គួរជម្រាបថា បវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទូទាំងប្រទេសសំរាប់សិស្ស គ្រប់គ្រឹះស្ថានគឺជាថ្ងៃដែល សិស្សទាំងអស់ អបអរសាទរថ្ងៃចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់កូន ក្មួយ ចៅតូចៗដែលទើបគ្រប់អាយុត្រូវចូលសាលារៀន និងជាថ្ងៃដែលក្មួយៗសិស្សានុសិស្ស និស្សិតរបស់យើង បន្តចូលរៀនសាលារៀន នៅកម្រិតថ្នាក់ខ្ពស់បន្តទៀត ក្នុងមនោសញ្ចេតនា រីករាយកក់ក្ដៅ និងមោទនភាពបំផុត។

ជាមួយគ្នានេះដែរនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្ដាល សិស្សជិត ២០០០នាក់ បានជួបជុំប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់ខ្លួនប្រកបដោយទឹកមុខញញឹម និងសង្ឃឹមក្នុងថ្ងៃថ្មីរបស់ខ្លួនផងដែរ៕