(ភ្នំពេញ)៖ គូស្វាមីភរិយា ជាខ្មែរឥស្លាម មួយគូរគឺលោកស្រី ម៉ាន រ៉ហ្សាន ជាអគ្គនាយិកា ក្រុមហ៊ុន RozzalinaHerb និង លោក ម៉ូត ហារ៉ីហ្វីន ជាអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ រីស្សតឋានសួគ៌ថ្មី ហើយជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល សមាគមសហគ្រិនខ្មែរ-ឥស្លាម ទទួលបានពានរង្វាន់ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ពីឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងកម្មវិធី CEO AWARD 2019 ដែលមានម្ចាស់សហគ្រិនចូលរួមប្រមាណជាង១០០០នាក់ ដែលបានទទួលរង្វាន់ជ័យលាភី៦៦រូបផងដែរ។

លោក ម៉ូត ហារ៉ីហ្វីន ព្រមទាំងភរិយាគឺលោកស្រី ម៉ាន រ៉ហ្សាន បានទទួលរង្វាន់ជាសហគ្រិនខ្មែរឥស្លាមឆ្នើមប្រចាំឆ្នាំ ពីលោក ហ៊ុន ម៉ាណែត ដោយផ្ទាល់ក្នុងកម្មវិធីរាត្រីសមោលសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2019 ដែលរៀបចំឡើងដោយ ក្លឹបបង្វឹកអាជីវកម្ម CEO Master Club នាពេលថ្មីៗកន្កងទៅនេះ នៅសណ្ឋាគារសុខាភ្នំពេញ។

នៅក្នុងកម្មវិធីប្រគល់រង្វាន់នេះ ត្រូវបានបែងចែករង្វាន់ជា៤ប្រភេទ ក្នុងនោះរួមមាន៖

១៖ គឺរង្វាន់ Master CEO Award (ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ) ជាពានជ័យលាភីសម្រាប់ទទួលស្គាល់ និងលើកទឹកចិត្តសហគ្រិនដែលបានតស៊ូខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួនឲ្យក្លាយជាអ្នកដឹកនាំធុរកិច្ចកំពូលជាមួយ CEO Master Club ចាប់ពី ៨កម្មវិធីឡើងទៅ ដើម្បីមានសមត្ថភាព ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកឲ្យកាន់តែមានភាពរឹងមាំ។

២៖ Outstanding Entrepreneur Medal (មេដាយសហគ្រិនឆ្នើម) ជាមេដាយសម្រាប់ទទួលស្គាល់ស្នាដៃសហគ្រិនលេចធ្លោរបស់ CEO Master Club ដែលបង្ហាញពីលទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួនគួរឲ្យកត់សម្គាល់ បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារបន្ទាប់ពីបានចូលរួមជាសមាជិកគ្រួសារ CEO Master Club។

៣៖ Outstanding Accounting Award (ពានគណនេយ្យឆ្នើម) ជាពានសម្រាប់ទទួលស្គាល់ និងលើកទឹកចិត្តដល់សហគ្រិនឆ្នើមរបស់ CEO Master Club ដែលបានរៀបចំរបៀបរបប និងស្តង់ដារគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុបានល្អ រឹងមាំ សម្រាប់ក្រុមហ៊ុនរបស់ខ្លួន។

៤៖ Outstanding CEO Award (ពាន ស៊ីអ៊ីអូ ឆ្នើម) ជាពានជ័យលាភីសម្រាប់ទទួលស្គាល់ស្នាដៃសហគ្រិនឆ្នើមរបស់សមាជិក CEO Master Club ដែលបានជ្រើសរើសដោយគណៈកម្មការ CEO Award ថាជាបេក្ខភាពដែលបានបង្ហាញលទ្ធផល និងការអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារ ឲ្យមានការចម្រើនខ្លាំងទាំងលក្ខណៈជាបុគ្គល ជាគ្រួសារ ជាស្ថាប័ន និងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម បន្ទាប់ពីបានចូលរួមជាសមាជិកគ្រួសារ CEO Master Club។

ផ្អែកតាមការបញ្ជាក់ពីលោក ម៉ូត ហារ៉ីហ្វីន បានឲ្យដឹងថា ក្នុងចំណោមពានរង្វាន់របស់ CEO Master Club ខាងលើនេះ គឺក្រុមហ៊ុន RozzalinaHerb និងក្រុមហ៊ុនអចលនទ្រព្យ និងរីហ្សតឋានសួគ៌ថ្មី ទទួលបានចំនួនបីក្នុងពេលតែមួយ រួមជាមួយនឹងចំណាត់ថ្នាក់កិត្តិយស ជ័យលាភីសហគ្រិនឆ្នើមប្រចាំឆ្នាំបន្ថែមទៀតផងដែរ ។

ក្នុងពិធីនោះដែរលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានសង្កត់ធ្ងន់ថា «ប្រទេសកម្ពុជារីកចម្រើន ក្រុមហ៊ុនត្រូវតែរីកចម្រើន សក្តានុពលរបស់យើងគឺត្រូវរីកចម្រើន។ ខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេស ខ្លាំងនោះទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង»។

លោកបានគូសបញ្ជាក់ថា «ត្រង់ចំណុចនេះខ្ញុំកត់សម្គាល់ចំពោះ តួនាទីរបស់សហគ្រិន ក្នុងការចូលរួមចំណែកការកសាងស្ថាបនាសេដ្ឋកិច្ចជាតិ ឲ្យមានភាពរឹងមាំរីកចម្រើន និងសូមឯកភាពទស្សនៈ របស់លោក អោម សេងបូរ៉ា ក្នុងអត្ថន័យថា សហគ្រិនជាបុគ្គលស្នេហាជាតិ ដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយ:ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មតាមសេចក្តីត្រូវការរបស់សង្គម ការបង្កើតការងារជូនប្រជាពលរដ្ឋ ការចូលរួមកសាងធនធានមនុស្ស និងការចូលរួមបង្កើនចំណូលថវិកាជាតិ»។

គួរបញ្ជាក់ថាលោក ម៉ូត ហារ៉ីហ្វីន ជាអតីតជាកូនកសិករក្រីក្រមកពីខេត្តពោធិ៍សាត់ បានតស៊ូជំនះ មកបន្តការសិក្សា ដោះស្រាយកិច្ចការលំបាកៗជាច្រើនរាប់មិនអស់កាលពីអតីតភាព រហូតទទួលបានការផ្លាស់ប្តូរខ្សែជីវិត សម្រេចភាពជោគជ័យមួយចំនួន ព្រមទាំងបានចូលរួមជួយដល់សង្គមកម្ពុជាតាមរយៈកិច្ចការជាច្រើនផងដែរ។ ពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៩ (CEO AWARD 2019) ជាមហាព្រឹត្តិការដ៏ធំប្រចាំឆ្នាំ ដែលរៀបចំឡើងដោយវិទ្យាស្ថានស៊ីអ៊ីអូ (CEO Master Club) ដែលមានសហគ្រិនឆ្នើមៗ និងម្ចាស់អាជីវកម្មជាង ១០០០នាក់ មកពីគ្រប់ស្ថាប័នទូទាំងប្រទេស ចូលរួមប្រកួតប្រជែង យកពានជាសហគ្រិនឆ្នើមនេះ ក្នុងនោះមានម្ចាស់អាជីវកម្មចំនួន ៦៦រូប ទទួលបានពានជ័យលាភី Master CEO Award (ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ), ២០រូបទទួលបាន Outstanding Entrepreneur Medal (មេដាយសហគ្រិនឆ្នើម), ០៥រូប ទទួលបានពាន Outstanding Accounting Award (ពានគណនេយ្យឆ្នើម) និង១១រូបទៀតទទួលបានពានជ័យលាភី Outstanding CEO Award (ពាន ស៊ីអ៊ីអូ ឆ្នើម)ដែលបានប្រកាសលទ្ធផលជាផ្លូវការនារាត្រីថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ ប្រារព្ធធ្វើនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមន្រ្តីមុខការជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា៕