(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ក្នុងពេលឆាប់ៗខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឱ្យដំណើរការ App មួយឈ្មោះថា GDT lucky Draw ដែលបានផ្តល់ឱកាសឱ្យប្រជាពលពលរដ្ឋទាំងអស់ អាចថតវិក្កយបត្ររបស់ខ្លួន ដែលបានទិញទំនិញនៅគ្រប់ហាង និងបណ្តាក្រុមហ៊ុនទាំងអស់ផ្ញើចូលទៅក្នុង App មួយនេះ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការចាប់រង្វាន់ លើវិក្កយបត្រទាំងនោះ ជាមួយនឹងការផ្តល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានដូចជា រថយន្តមួយគ្រឿង ស្មាតហ្វូនស៊េរីទំនើប ទូរទស្សន៍ និងរង្វាន់ផ្សេងៗ ជាច្រើនទៀតផងដែរ។

លោក គង់ វិបុល បានលើកឡើងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការដាក់ឱ្យ ប្រើប្រាស់សាងល្បងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមប្រព័ន្ធអនឡាញ (e-Filing) និងការផ្សព្វផ្សាយប្រកាស ស្តីពីការប្រើប្រាស់វិក្កយបត្រថ្មី ដែលបានរៀបចំឡើងនៅសណ្ឋាគារ ហ្គាឌេនស៊ីធី។

លោក គង់ វិបុល បានបញ្ជាក់ទៀតថា «ក្នុងពេលឆាប់នេះ អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ឱ្យដំណើរការប្រព័ន្ធ Invoice lucky Draw ដែលប្រពន្ធនេះគឺមានអត្ថប្រយោជន៍ យ៉ាងច្រើន ដោយគ្រាន់តែរាល់ពេលដែលយើងទៅទិញទំនិញ ឬក៏សេវាផ្សេងៗនៅកន្លែងណាមួយ ហើយថតវិក្កយបត្រដាក់ចូលទៅក្នុង App ប្រព័ន្ធទិន្នន័យរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅពេលដល់ថ្ងៃកំណត់ណាមួយ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការចាប់រង្វាន់លើវិក្កយបត្រទាំងនោះជាមួយនឹងការផ្តល់ជូនរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានដូចជា រថយន្ត ស្មាតហ្វូនស៊េរីទំនើប ទូរទស្សន៍ និងរង្វាន់ផ្សេងៗជាច្រើនទៀតផងដែរ»។

លោកបានបញ្ជាក់ទៀតថា ការបង្កើត App មួយនេះគឺមានគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ដែលទៅទិញទំនិញអាចផុសវិក្កយបត្រនេះ ដើម្បីបញ្ជាក់ជារបាយ ការណ៍ដល់អគ្គនាយកដ្ឋានពន្ធដារ បានដឹងថា តើក្រុមហ៊ុនជាប់ពន្ធទាំងនោះ មានអនុលោមភាពត្រឹមត្រូវ ទៅតាមគោលការណ៍ច្បាប់ឬអត់? ដែលនេះវាអាចមាន ប្រយោជន៍ទាំងការត្រួតពិនិត្យអ្នកជាប់ពន្ធឱ្យបានត្រឹមត្រូវផង និងផ្តល់រង្វាន់ដល់អ្នកដែលទៅទិញទំនិញផងដែរ៕