(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់កំហិតឱ្យកម្លាំងនគរបាលទូទាំងរាជធានីភ្នំពេញ ត្រូវតែកម្ទេចក្រុមជនក្បត់ជាតិ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រឹងប្រែងរក្សាឱ្យបានសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអ៊ុទូកនាពេលខាងមុខនេះ។

ការប្រកាសដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការពារទប់ស្កាត់ រាល់គម្រោងការក្បត់ជាតិ ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។

ក្រៅពីការដាក់ផែនការឱ្យកម្ទេចក្រុមឧទ្ទាមក្បត់ជាតិហើយនោះ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានបញ្ជាឲ្យកងកម្លាំងទាំងអស់ ចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ, ព្រះរាជពិធីបុណ្យ អ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។ ជាពិសេសការចូលរួមពិធីហូបអំបុក ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

គួរជម្រាបថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានដឹកនាំកិច្ចប្រជុំដាក់ផែនការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញផងដែរ។ កិច្ចប្រជុំនោះមានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មានថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ, បញ្ជាការដ្ឋានអង្គរក្ស, កងរាជអាវុធហត្ថ និងកម្លាំងពាក់ព័ន្ធជាច្រើនទៀតផងដែរ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាដាច់ខាតដល់កងកម្លាំងប្រដាប់អាវុធឱ្យរក្សាឱ្យខានតែបានចំពោះសុខសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធពិធីផ្សេងៗនាដើមខែវិច្ឆិកាខាងមុខនេះ។ ជាពិសេសទប់ស្កាត់ឱ្យខានតែបានចំពោះសកម្មភាពទុច្ចរិតទាំងឡាយរបស់ក្រុមជនក្បត់ជាតិ៕