(កំពង់ចាម)៖ ដោយខ្លាចគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានបញ្ជាឲ្យអាជ្ញាធរផ្អាកធ្វើចរាចរណ៍ឆ្លងកាត់ស្ពានគៀនជ្រៃ ជាបណ្ដោះអាសន្នសិន។ ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីមានទឹកហូរច្រោះគ្រឹះសសរស្ពាន និងបាក់ស្រុតច្រាំងតាមបណ្ដោយព្រែក ស្ថិតក្នុងភូមិកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះថា «ដោយសារទឹកជំនន់ឆ្នាំនេះឡើងលឿន ហើយស្រកចុះទៅវិញលឿន បានបង្កឲ្យមានការបាក់ស្រុតច្រាំងទន្លេជាច្រើនកន្លែង មានការខូចខាតជាច្រើន តាមបណ្ដោយដងទន្លេមេគង្គ។ ទន្ទឹមនឹងនេះស្ពានគៀនជ្រៃដែលមានប្រវែង ៩០ម៉ែត្រឃើញថា កំពុងតែប្រឈមនឹងការបាក់ស្រុតផងដែរ ដោយក្រុមអ្នកបច្ចេកទេសពិនិត្យទៅឃើញមានគម្លាត ៦សង់ទីម៉ែត្រ ដូច្នេះដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដោយយថាហេតុ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នសិន ដោយបញ្ជៀសប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ និងស្ពានឈើនៅវត្តកៀនជ្រៃក្នុងវិញ»

លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះស្ពានថ្ម ដែលកំពុងប្រឈមនឹងការបាក់ស្រុតនោះ នៅពេលឆាប់ៗខាងមុខនេះ ខាងមន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ នឹងចុះមកសិក្សា ពិនិត្យលទ្ធភាពដើម្បីសាងសង់ស្ពានថ្មីឡើងវិញ និងសាងសង់ផ្លូវវាងសម្រាប់សម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការអត់ធ្មត់ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ចៀសវាងការធ្វើដំណើរឆ្លងកាត់លើ ស្ពានថ្មនោះ ដោយប្រថុយប្រថានដែលអាចនាំមកនូវគ្រោះថ្នាក់ណាមួយជាយថាហេតុ ដែលយើងនឹកស្មានមិនដល់៕