(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងថា ដោយឈរលើទស្សនៈ «គ្មានសារធាតុគីមីផ្សំ គ្មានគ្រឿងញៀន» កម្ពុជាបានប្ដេជ្ញាពង្រឹងលើការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវវិធានការយុទ្ធសាស្រ្តទាំង០៧ នៃផែនការមេឆ្នាំ២០១៩-២០២២ ដោយខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចំពោះការនាំសារធាតុគីមីផ្សំគ្រប់ប្រភេទ ពីតំបន់ខាងក្រៅ ចូលទៅក្នុងតំបន់ត្រីកោណមាស និងការនាំគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទចេញពីតំបន់ត្រីកោណមាស មកតំបន់ខាងក្រៅ។

ការបញ្ជាក់ជំហរបែបនេះរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យ ដំណើរការមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ (SMCC) នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានប្រតិភូ នៃប្រទេសសមាជិក SMCC ដែលមកពីប្រទេសទាំង៥ ក្នុងមហាអនុតំបន់ទន្លេមេគង្គ (ចិន ឡាវ សហភាពមីយ៉ាន់ម៉ា ថៃ និងវៀតណាម)។

នាយឧត្តមសេនីយ៍ បានថ្លែងថា ក្នុងនាមជាប្រទេសដែលមានចំណែកទទួលខុសត្រូវតំបន់គោលដៅទី០៨ (ទន្លេមេគង្គក្រោម) កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការត្រួតពិនិត្យ បង្ការទប់ស្កាត់ និងបង្ក្រាប នូវរាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ តាមរយៈការរៀបចំនូវយន្តការវិធានការមួយចំនួនដូចជា៖

* ការបង្កើតគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន ភាគឦសាន
* ការរៀបចំបង្កើតភូមិ ឃុំ/សង្កាត់ គ្មានគ្រឿងញៀន នៅក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង
* ការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ ទី២ ទី៣ និងទី៤ ដែលបាននិងកំពុងបន្តយកចិត្តខ្ពក់ដាក់ជាប់ជាប្រចាំដូចភ្លៀងរលឹម ដោយផ្តោតសំខាន់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន (ក្នុងខេត្តភាគឦសាន) ពីតំបន់តំបន់ត្រីកោណមាស ដែលកម្ពុជារឹបអូសគ្រឿងញៀនបានជាច្រើនរយគីឡូក្រាម រួចមកហើយ។

ជាក់ស្ដែងថ្មីៗនេះ កម្ពុជាបង្ក្រាបបាន០១ករណី ចាប់យកគ្រឿងញៀនបានប្រមាណ ១០០គីឡូក្រាម នៅខេត្តកំពង់ធំ ដែលនាំមកពីតំបន់ត្រីកោណមាស ចូលមកប្រទេសកម្ពុជាតាមប្រទេសថៃ។

លោកថា «យើងបានធ្វើការពង្រឹងសមត្ថភាពដល់សមត្ថកិច្ចតាមច្រកឱ្យពង្រឹងការត្រួតពិនិត្យសារធាតុគីមីផ្សំ ដែលមានចែងក្នុងតារាងឧបសម្ព័ន្ធ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ឱ្យមានការត្រួតពិនិត្យកាន់តឹងរឹង យកចិត្តទុកដាក់ធ្វើការឃ្លាំមើល និងរាយការណ៍ពីវត្តមាននៃការចរាចរសារធាតុគីមីផ្សំទាំងឡាយណា ដែលអាចផលិតគ្រឿងញៀន បាន និងមិនមានចែងក្នុងតារាងឧបសម្ព័ន្ធ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា»

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ក្នុងបដិកានេះយន្តការនៃមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ គឺជាយន្តការអនុតំបន់មួយ ដ៏មានសារៈសំខាន់បំផុត ដែលយើងត្រូវផ្តោតការយកចិត្ត ទុកដាក់ចំពោះការពង្រឹង និងបង្កើននូវប្រសិទ្ធភាព នៃយន្តការនេះឱ្យស្របទៅនឹងស្ថានភាពថ្មី នៃបញ្ហាគ្រឿងញៀន នៅក្នុងតំបន់របស់យើង។ ដូច្នេះក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជានឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់សម្របសម្រួលរៀបចំចាត់ចែងសំដៅធ្វើយ៉ាងណា ឱ្យការអនុវត្តផែនការកម្មវិធីដែលបានរៀបចំសម្រាប់រយៈពេលបីខែនេះ ឱ្យដំណើរការដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ពិសេសក្នុងរយៈពេលនៅសល់មួយខែចុងក្រោយនេះ យើងនឹងបានឃើញនូវលទ្ធផលការងារ ពេញលេញក្នុងរយៈពេលបីខែនេះ ក្នុងឱកាសនៃពិធីបិទបញ្ចប់ការ ទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ដែលនឹងរៀបចំនៅចុងខែវិច្ឆិកា ខាងមុខ៕