(ហុងកុង)៖ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាបានស្ថិតនៅក្នុងកម្រិតទាបបំផុត អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ដោយសារតែបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប៉ុន្តែខណៈវ៉ាស៊ីនតោនផ្អាកការទម្លាក់ទណ្ឌកម្ម និងការដកការអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់កម្ពុជា អាមេរិកបែរជាត្រូវបានគេមើល ឃើញទៅវិញថា នៅតែរក្សាគោលនយោបាយទន់ភ្លន់ និងបំណងចង់ផ្សះផ្សាជាមួយរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដោយកំពុងដើរតួជាសុភាពបុរសផង និងតួចិត្តអាក្រក់ផង ដើម្បីរង់ចាំមើលសិនថា តើខ្លួនអាចទាញកម្ពុជាពីចិនបានដែរ ឬទេ មុននឹងសម្រេចចិត្តចុងក្រោយដាក់ទណ្ឌកម្មលើកម្ពុជា?

នៅក្រោយគណបក្សសង្រ្គោះជាតិ CNRP ត្រូវបានរំលាយនៅឆ្នាំ២០១៧ ហើយលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងនេះត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ និងកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយអ្នកវិភាគបានលើកឡើងថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ ប្រឆាំងរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋបាលប្រធានាធិបតីអាមេរិក មិនបានដាក់ទណ្ឌកម្ម ឬចាត់វិធានការជាដំកុំភួនណាមួយនោះទេ។

ជាក់ស្ដែងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានព្យួរការផ្ដល់ជំនួយ និងដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាយ៉ាងហោចណាស់ម្នាក់ វាបង្ហាញយ៉ាងច្បាស់ទៅហើយថា អាមេរិកចង់ទុកផ្លូវចរចាជាមួយកម្ពុជា ដោយប្រើប្រាស់វិធីសាស្ត្រពីរ នោះគឺទីមួយបង្ហាញឱ្យគេឯងគ្រប់គ្នាដឹងថា អាមេរិកមានគោលជំហរម៉ឺងម៉ាត់ចំពោះរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ហើយទីពីរគឺរក្សាភាព ទន់ភ្លន់ចំពោះយោធា សង្គមស៊ីវិល និងប្រជាជនកម្ពុជាទាំងមូល។

ពោលនិយាយឱ្យចំទៅ គឺសហរដ្ឋអាមេរិកមានការរារែកចិត្ត ក្នុងការដាក់ទណ្ឌកម្ម ឬចាត់វិធានការម៉ឺងម៉ាត់ចំពោះរដ្ឋាភិបាលកម្ពុជា គឺដោយសារតែចិន ជាពិសេសក្រោយសារព័ត៌មានអាមេរិកចុះផ្សាយថា រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាសំងាត់ ដោយអនុញ្ញាតឱ្យកងទ័ពចិន ប្រើប្រាស់មូលដ្ឋានជើងទឹកកម្ពុជានៅឆ្នេរសមុទ្ររាម (Ream) ដែលបើកផ្លូវទៅកាន់ការពង្រីកឥទ្ធិពលចិនក្នុងឈូងសមុទ្រថៃស្រាប់។

ចំណុចនេះរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាត់ចោលព័ត៌មានទាំងនេះ ប៉ុន្តែបើក្លាយជាការពិតមែននោះ វានឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ផលប្រយោជន៍យុទ្ធសាស្ត្រអាមេរិកនៅក្នុងតំបន់ ក្នុងនោះរួមមានទាំងសមុទ្រចិនខាងត្បូងផងដែរ។ ដូច្នេះហើយសមាជិកសភាអាមេរិកខ្លះ នៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា បានជំរុញឱ្យរដ្ឋបាលលោក ត្រាំ អនុវត្តការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ លើប្រទេសណាក៏ដោយក្នុងនោះរួមទាំងកម្ពុជា ដែលពួកគេគិតថា កំពុងវិវត្តន៍ខ្លួនជារដ្ឋចំណុះរបស់ចិន។

តែយ៉ាងនេះក្ដីទាំងសេតវិមាន និងក្រសួងការបរទេសអាមេរិក នៅតែមើលឃើញពីប្រយោជន៍អាមេរិកនៅកម្ពុជាដោយយល់ថា ការដាក់ទណ្ឌកម្ម ឬសម្ពាធធ្ងន់ធ្ងរហួសហេតុ អាចនឹងរុញឱ្យរដ្ឋាបាលកម្ពុជាកាន់តែស្និទ្ធ និងងាកទៅរកទីក្រុងប៉េកាំង រហូតដល់អាចនឹងបើកដៃឱ្យកងទ័ពចិន ឈរជើងនៅលើទឹកដីខ្មែរនៅថ្ងៃណាមួយក៏ថាបាន ក្នុងករណីអាមេរិកបង្ខំឱ្យរដ្ឋាភិបាលកម្ពុជាដើរលើផ្លូវទ័លច្រក។ ម្យ៉ាងវិញទៀត ជំហរទន់ភ្លន់ និងចង់ផ្សះផ្សាត្រូវបានគេមើលឃើញកាន់តែច្បាស់ ក្រោយការតែងតាំងលោក ផាទ្រីក មើហ្វី (W Patrick Murphy) ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំទីក្រុងភ្នំពេញ។

លោក Murphy បានគូសបញ្ជាក់នៅក្នុងពិធីស្បថចូលកាន់តំណែងជាផ្លូវការ យ៉ាងដូច្នេះថា «ខ្ញុំនឹងពង្រីកកម្មវិធីដែលនឹងផ្ដល់អំណាចដល់យុវជនកម្ពុជា ដែលតំណាង ៧០ភាគនៃប្រជាជនកម្ពុជាសរុប និងតំណាងឱ្យអនាគតនៃប្រទេស ដើម្បីចូលរួមក្នុងកិច្ចការនយោបាយ។ មិនតែប៉ុណ្ណោះ ខ្ញុំនឹងបន្តអភិវិឌ្ឍន៍កម្មវិធីនានា ដែលនឹងផ្ដល់អំណាច និងឯករាជ្យភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាផងដែរ»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Murphy ត្រូវបានអ្នកជំនាញខ្លះយល់ថា សហរដ្ឋអាមេរិកនឹងបន្តនយោបាយអត់ធ្មត់ចំពោះកម្ពុជា ដោយសុខចិត្តរង់ចាំឱ្យទំនាក់ទំនងជាមួយកម្ពុជាល្អប្រសើរឡើង ក្រោយនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញទំនោរផ្ទេរអំណាចឱ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ដែលទទួលបានការអប់រំពីសហរដ្ឋអាមេរិក។

លើសពីនេះទៅទៀត បើទោះជាសមយុទ្ធយោធារួមគ្នាអាមេរិក-កម្ពុជាឈ្មោះ Angkor Sentinel ត្រូវបានផ្អាកតាំងតែពីឆ្នាំ២០១៧ក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាដដែលក្នុងបេសកកម្មរក្សាសន្តិភាព ការស្រាវជ្រាវវេជ្ជសាស្ត្រ ការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបានស្លាប់ក្នុងសម័យសង្រ្គាម និងបញ្ហាគ្រាប់មីនជាដើម៕

ប្រភព៖ សារព័ត៌មាន Asia Times ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩