(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ បានវាយប្រហាររិះគន់ទៅលើវិទ្យុបារាំងអន្ដរជាតិ RFI ថា មានភាពលំអៀងមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោយខ្លួនបាក់មុខ និងបានខឹងច្រឡោតយ៉ាងខ្លាំង នៅក្នុងកិច្ចសម្ភាសន៍ជាមួយសំណួរចាក់ដោតត្រង់ៗ ជុំវិញការឆ្លើយតបនឹងសំណួរអំពីប្រកាសវិលត្រឡប់មក ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជុំវិញការចោទប្រកាន់បែបនេះ លោក Jean-François Tain (ហ្សង់-ហ្រ្វង់-ស្វ័រតាន់) ប្រធានគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI ផ្នែកភាសាខ្មែរ បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News ថា លោកមិនមានបំណងប្រតិកម្មឆ្លើយតបភ្លាមៗទេ ហើយនេះក៏មិនមែនជាលើកទី១ ដែលលោកចោទប្រកាន់វិទ្យុបារាំងអន្ដរជាតិបែបនេះ។

កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វិទ្យុបារាំងអន្ដរជាតិ បានបង្ហោះវីដេអូសម្ភាសន៍ទាំងស្រុង នៅលើ Facebook ធ្វើឲ្យអ្នកទស្សនា បានឃើញយ៉ាងច្បាស់អំពីកាយវិការ និងទឹកមុខរបស់ទណ្ឌិត សម រង្ស៉ី ក្រោយពីលោក គួច គន្ធារ៉ា បានសួរនូវសំណួរត្រង់ៗប្រកបដោយវិជ្ជាជីវៈ ប៉ុន្ដែបែរជាលោក សម រង្ស៉ី បង្ហាញទឹកមុខខឹង និងចោទវិទ្យុបារាំងថាគ្មានវិជ្ជាជីវៈទៅវិញ។

មិនបានប៉ុន្មានម៉ោងផង ពោលនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ទណ្ឌិត សម រង្ស៉ី បានបង្ហោះតាម Facebook យ៉ាងដូច្នេះថា «បទសម្ភាសន៍លោក សម រង្ស៊ី កាលពីម្សិលមិញ ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI)។ វិទ្យុ RFI នេះជាភាសាខ្មែរ ស្ថិតក្រោមការគ្រប់គ្រងដោយមនុស្សមួយក្រុម ដែលលំអៀងទៅខាងរបប ហ៊ុន សែន»។

លោក ហ្សង់-ហ្រ្វង់-ស្វ័រតាន់ ថ្លែងយ៉ាងដូច្នេះថា «ខណៈនេះយើងមិនមានបំណងប្រតិកម្មឆ្លើយតបភ្លាមៗ ទៅនឹងអ្វីដែលគាត់ [សម រង្ស៉ី] បានលើកឡើងទេ ពីព្រោះមិនមែនជាលើកទី១ ដែលគាត់ធ្វើបែបនេះ។ វិទ្យុបារាំងអន្តរជាតិនៅភ្នំពេញ កំពុងពិភាក្សានិងទាក់ទងទៅថ្នាក់ដឹកនាំបារាំងនៃវិទ្យុ RFI នៅឯទីក្រុងប៉ារីសថា តើត្រូវឆ្លើយ ឬមិនឆ្លើយ តែតាមយោបល់របស់ខ្ញុំ អត់ចាំបាច់ទេ»

ប្រជាពលរដ្ឋជាច្រើន ជាពិសេសប្រិយមិត្តរបស់វិទ្យុបារាំងអន្តរជាតិ (RFI) នៅលើបណ្តាញសង្គម Facebook ពេលនេះបាននិងកំពុង Comment បង្ហាញពីការមិនគាំទ្រ និងជេរប្រទេចផ្ដាសាចំពោះទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ជាបន្តបន្ទាប់ ដែលមានភាពក្រឡេចក្រឡុច គ្មានសមត្ថភាព ក្នុងការធ្វើនយោបាយ។

ការវាយប្រហារលើទណ្ឌិត សម រង្ស៉ី តាមសារ Comment នេះបានធ្វើឡើងនៅក្នុងកិច្ចសម្ភាសរវាងវិទ្យុបារាំងអន្តរជាតិ តំណាងដោយ លោក គួច គន្ធារ៉ា ជាមួយ លោក សម រង្ស៉ី អំពីជំហររបស់ទណ្ឌិតរូបនេះ ក្នុងការត្រឡប់មកកាន់ប្រទេសកម្ពុជា ដែលបង្ហោះលើ Facebook វិទ្យុបារាំង នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

ក្នុងកិច្ចសម្ភាសនោះ អ្នកសារព័ត៌មានវិទ្យុបារាំង ដែលជាវិទ្យុប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈខ្ពស់ បានសួរចំៗ អំពីលទ្ធភាពនៃការវិលត្រឡប់របស់ លោក សម រង្ស៉ី ដោយសារតែភាពបរាជ័យរបស់ក្រុមលោក ក្នុងការចូលទៅកាន់ប្រទេសថៃ និងប្រទេសមួយចំនួននៅអាស៊ាន។ លោក គួច គន្ធារ៉ា បានសួរថាតើ ជីវិតនយោបាយរបស់ លោក សម រង្ស៉ី នឹងត្រូវបញ្ចប់ឬទេ ? នៅពេលមិនបានមកប្រទេសកម្ពុជាដូចការប្រកាសនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ? ប៉ុន្តែសំណួរនេះបានធ្វើឲ្យទណ្ឌិត សម រង្ស៉ី ខឹងសម្បារនឹងវិទ្យុបារាំង ដោយចោទថា វិទ្យុនេះគ្មានវិជ្ជាជីវៈទៅវិញ៕