(ត្បូងឃ្មុំ)៖ ដើម្បីអបអរពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងពិធិបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះ នឹងរៀបចំព្រឹត្តិការណ៍ដ៍ធំមួយ គឺពីធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែលើកទី១ នៅជុំវិញអាងទឹកសិប្បនិម្មិតទីរួមខេត្ត ។

នៅរាត្រីថ្ងៃទី១១នោះ នឹ់ងមានការបណ្តែតប្រទីបជាង២០០ អកអំបុក សំពះព្រះខែ បាញ់កាំជ្រួច និងមានការប្រគុំតន្ត្រី រាំលេងកំសាន្តរីករាយជុំបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាព មានពាសពេញផ្ទៃប្រទេស។ នេះបើតាមការបញ្ជាក់របស់លោក ជាម ច័ន្ទសោភ័ណ ។

ដោយឡែកមុនការរៀបចំពិធីនេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលរងខេត្ត បានបន្តដឹកនាំ ថ្នាក់ដឹកនាំនិងមន្ត្រីសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ និងសិស្សានុសិស្ស សម្អាតបរិស្ថាន កាប់ឆ្ការជំរះព្រៃស្តុក ដែលជាប្រភពសត្វមូសជុំវិញរដ្ឋបាលប្រមូលផ្តុំទីរួមខេត្ត មានដូចជាជុំវិញសាលាខេត្ត តាមដងផ្លូវ និងពិសេសតាមមាត់ទន្លេសិប្បនិម្មិត ដែលជាកន្លែងប្រារព្ធពិធី ជាទីកន្លែងកំសាន្ត ស្រូបយកអាកាសបរិសុទ្ធពីសំណាក់ភ្ញៀវទេសចរក្នុងខេត្ត ក៍ដូចជាតាមបណ្តាខេត្តក្រុងនានា ដែលឆ្លងកាត់នៅមកកំសាន្តនៅតំបន់នេះ ជាពិសេសជាទីតាំងដែលត្រៀមរៀបចំពិធីបណ្តែតប្រទីប នាពេលខ្លីខាងមុខនេះ។

លោក ជាម ច័ន្ទសោភ័ណ លើកឡើងថា អាជ្ញាធរខេត្ត និងសិស្សានុសិស្ស ធ្វើការសម្អាតបរិស្ថាននាពេលនេះ គឺជាសារមួយដើម្បីពញាក់ស្មារតី ក៏ដូចជាបំផុសឲ្យប្រជាពលរដ្ឋ រួមគ្នាលើកកម្ពស់អនាម័យបរិស្ថាន មិនមែនមើលនៅនឹងភ្នែក គឺយកបេះដូងទៅស្រលាញ់បរិស្ថាន លុបបំបាត់វប្បធម៌ចោលសំរាមពាសវាលពាសកាល នាំគ្នាទុកដាក់សំរាម និងចោលសំរាមឲ្យបានត្រឹមត្រូវ គឺចោលសំរាមតែក្នុងធុងសំរាម ក្នុងន័យនេះគឺបរិស្ថានស្អាតផ្តើមចេញពីយើងគ្រប់គ្នារួមគ្នា។

ឆ្លៀតក្នុងឪកាសនោះ លោក អភិបាលខេត្ត ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញមកចូលរួមឲ្យបានយ៉ាងកុះករ និងរួមគ្នារក្សាអនាម័យនៅទីនេះទាំងមុនពិធី និងក្រោមពិធីចប់ ដោយទុកដាក់សម្រាមឲ្យបានត្រឹមត្រូវផងដែរ ដើម្បីមុខមាត់ខេត្តយើង និងសុខភាពប្រជាជនយើងទាំងអស់គ្នា៕