(សៀមរាប)៖ ដងខ្លួនបដិមាព្រះពុទ្ធចំនួនមួយ និងព្រះសិរបដិមាព្រះពុទ្ធចំនួនមួយ ក្នុងសម័យកណ្តាល (១៤៣១-១៨៦៣) ត្រូវបានប្រទះឃើញក្នុងកំណាយនៅប្រាសាទតុបខាងលិច។

លោក សុខ កែវសុវណ្ណារ៉ា បុរាណវិទូនៃវិទ្យាស្ថានណារ៉ាដែលកំពុងតែអនុវត្តគម្រោងជួសជុលប្រាសាទតុបខាងលិច បានឱ្យដឹងថា ការរកឃើញនេះគឺនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ។

លោក សុវណ្ណារ៉ា បញ្ជាក់ថា ដងខ្លួនបដិមាព្រះពុទ្ធត្រូវបានរកឃើញក្នុងជម្រៅជាង ១ម៉ែត្រ ក្រោមគ្រឹះបល្ល័ង្កព្រះ  និងក្នុងសភាពព្រះភ្នែនផ្ងារឡើងលើ។ ចំណែកឯព្រះសិរវិញ ត្រូវបានប្រទះឃើញកប់ក្នុងដីជម្រៅ ៤០សង់ទីម៉ែត្រ ឃ្លាតពីកន្លែងរកឃើញដងខ្លួន ៣ម៉ែត្រ។

ក្នុងពេលបច្ចុប្បន្ន ដងខ្លួនបដិមាព្រះពុទ្ធរួមនឹងព្រះសិរប្រទះឃើញក្នុងការដ្ឋានកំណាយនៅពេលនេះ ត្រូវបានយកទៅរក្សាទុកនៅវិទ្យាសា្ថនណារ៉ា ដើម្បីសម្អាត និងចុះបញ្ជីសារពើភណ្ឌទុកជាឯកសារសម្រាប់ស្រាវជ្រាវ និងការជួសជុល៕