(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃប្រទេស ហុងគ្រី បានសន្យាបញ្ជូននូវអ្នកជំនាញមកជួយកម្ពុជា លើបញ្ហាទឹកស្អាត និងការកំណល់រឹងរាវ នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗទៀត។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយជំនួបពិភាក្សាការងាររវាងមេដឹកនាំ​នៃប្រទេសកម្ពុជា-​ហុងគ្រីថា លោក Janos Ader បានបង្ហាញពីការចូលរួម របស់ហុងគ្រីជាមួយនឹងការអភិវឌ្ឍរបស់កម្ពុជានោះ គឺលោកនឹងបញ្ជូនអ្នកជំនាញការរបស់ហុងគ្រី ដើម្បីមកជួយកម្ពុជា ក្នុងការសិក្សាលើបញ្ហាទឹកស្អាត លើបញ្ហាសំរាម ទាំងសំរាមសំណល់រឹង និងសំណល់រាវ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង។

លោកប្រធានាធិបតីបានលើកឡើងទៀតថា បន្ទាប់ពីការសិក្សាហើយក្រុមអ្នកជំនាញរបស់ហុងគ្រី នឹងផ្ដល់ជូននូវបច្ចេកវិទ្យាណែនាំជូននូវបច្ចេកវិទ្យា និងដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង សំណល់រាវនៅកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាទឹក និងសំរាមនេះ សម្ដេចតេជោបានស្នើសុំឲ្យភាគីហុងគ្រី បញ្ជូនអ្នកជំនាញ ដើម្បីមកធ្វើការសិក្សា ផ្តល់យោបល់ និងចូលរួមសហការជាមួយកម្ពុជា យើងលើទាំងបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង និងសំណល់រាវ។

សម្ដេចតេជោបានមានប្រសាសន៍ថា «យើងត្រូវផ្តល់អទិភាព លើកិច្ចសហប្រតិបត្តិការនេះ ទៅលើបញ្ហាសំណល់រឹង និងសំណល់រាវ នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗទៀត ទៅតាមដងសមុទ្រ និងតាមដងទន្លេមេគង្គ»

សម្ដេចតេជោក៏បានផ្តល់ការងារនេះ ជូនដល់ក្រសួងបរិស្ថាន ដើម្បីបន្តការពិភាក្សាជាមួយនឹងភាគីហុងគ្រី ដើម្បីស្នើឲ្យភាគីហុងគ្រីបញ្ជូន អ្នកជំនាញការមកកម្ពុជាក្នុងសិក្សា និងពិភាក្សារួមគ្នាជាមួយក្រសួងបរិស្ថានក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

ក្នុងជំនួបនោះ លោកប្រធានាធិបតីហុងគ្រី បានជម្រាបជូនសម្តេចតេជោថា នេះជាលើកទី៣ហើយ ដែលលោកបានជួបសម្ដេចតេជោ ក្នុងរយៈពេលតែ០៦ខែប៉ុណ្ណោះ ហើយក្នុងជំនួបនេះ គឺជាជំនួសពិសេសមួយ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺលោកពិតជាមិនអាចស្មានដល់ពីការរីកចម្រើននៃទីក្រុងភ្នំពេញ ដែលកាលពីឆ្នាំ១៩៧៩ ភ្នំពេញគឺមានមនុស្សតែ៧០នាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះ ភ្នំពេញមានការរីកចម្រើន និងមានសកម្មភាពយ៉ាងមមាញឹក ជាពិសេសការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គួរជាទីចាប់អារម្មណ៍ផងដែរ។

សម្តេចតេជោបានមានប្រសាសន៍ថា ជំនួបរបស់យើងជាលើកទី៣នេះ គឺជាការភ្ជាប់ទំនាក់ទំនង ក៏ដូចជាកាតកសាងទំនាក់ទំនងឡើងវិញ និងពង្រឹងទំនាក់ទំនងយើងឡើងវិញ។ ទំនាក់ទងកម្ពុជា និងហុងគ្រីមានអស់រយៈពេលជាង៦០ឆ្នាំមកហើយ។

សម្តេចតេជោក៏បានជម្រាប ជូនអំពីប្រវត្តិសាស្ត្ររបស់កម្ពុជាយ៉ាងសង្ខេបថា កម្ពុជាកន្លងមកតែងតែមានការបែកបាក់គ្នា ហើយរហូតមកដល់ប៉ុន្មានឆ្នាំក្រោយនេះ កម្ពុជាក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពពេញលេញ ថែមទាំងមានកំណើនសេដ្ឋកិច្ចរហូតដល់ជាង៧%។

សម្តេចតេជោក៏បានថ្លែងអំណរគុណជូន ចំពោះហុងគ្រីដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា ជាពិសេសលើឯកសារ ដែលបានចុះហត្ថលេខាកន្លងមកនោះ គឺទី១៖ គម្រោងតេជោភូមិ១០០ ទី២៖ សកម្មភាពដោះមីន ដើម្បីជំរុញឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីន នៅឆ្នាំ២០២៥ និងទី៣៖ អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជាចំនួន១៥ក្នុង១ឆ្នាំ៕