(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមព្រះបរមរាជានុញ្ញាតសម្ដែងថ្វាយនូវមនោសញ្ចេតនាយ៉ាងស្មោះស្ម័គ្រ ប្រកបដោយភក្ដីភាព និងសូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញុតាធម៌ និងព្រះរាជមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ របស់ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លា ក្នុងការជំរុញសេដ្ឋកិច្ចសង្គម ឆ្ពោះទៅកាន់ភាពចម្រុងចម្រើនថ្កុំថ្កើងរុងរឿង។

ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមី ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សា អភិបាលប្រោសព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខក្សេមក្សាន្ត ចម្រើនរុងរឿងដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ និងសូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរដ៏ឧត្ដុង្គឧត្ដមបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ គឺជាខួបលើកទី១៥ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះ ករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គ ព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕