(ភ្នំពេញ)៖ លោក János ÁDER ប្រធានាធិបតីហុងគ្រី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានកោតសរសើរថា «ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា មានការវិវត្តខ្លាំង ក្នុងការកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិបានដើរតួនាទីយ៉ាងសំខាន់ក្នុងអនុម័តច្បាប់។

ការកោតសរសើរនេះបានធ្វើឡើងនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។

 ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនៅកម្ពុជា ពិតជាមានសារសំខាន់ជាប្រវត្តិសាស្ត្រក្នុងការពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង និងរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

លោក János ÁDER ប្រធានាធិបតីហុងគ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនាឱកាសនេះ។ លោក János ÁDER ប្រធានាធិបតីហុងគ្រី បានជម្រាបសម្តេចប្រធានព្រឹទ្ធសភាថា នេះជាលើកទីមួយ ជាប្រវត្តិសាស្ត្រដែលលោកបានមកបំពេញទស្សនកិច្ច ជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស រយៈពេល៣០ឆ្នាំក្រោយ ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋ នៃប្រទេសហុងគ្រីបានមកទស្សនកិច្ចនៅកម្ពុជាបើគិតចាប់តាំងពីឆ្នាំ១៩៩៩មក។

លោក János ÁDER បានជម្រាបសម្តចប្រធានថា ក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ លោកមានឱកាសបានជួបជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចំនួនពីរលើក។ ក្នុងនោះលោក បានមានកិត្តិយសអញ្ជើញចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងឱកាសនោះ លោកបានថ្វាយនូវលិខិតយាង ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ទៅបំពេញទស្សកិច្ចផ្លូវរដ្ឋនៅប្រទេសហុងគ្រី នាពេលវេលាសមស្របណាមួយ។ ជាការឆ្លើយតបព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជាហប្ញទ័យទទួលនូវការយាងនេះផងដែរ។

លោក János ÁDER បានមានប្រសាសន៍ថា ក្នុងប្រវត្តិសាស្ត្ររយៈពេល៣០ នៃប្រទេសហុងគ្រី និងរយៈ៣០ប្រទេសកម្ពុជា វឌ្ឍនភាព នៃប្រទេសទាំងពីរមានលក្ខណៈស្រដៀងគ្នា។ ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា មានការវិវត្តខ្លាំង ក្នុងការកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស ស្ថាប័ននីតិប្បញ្ញត្តិបានដើរតួនាទីយ៉ាងសំខាន់ក្នុងអនុម័តច្បាប់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកប្រធានាធិបតីហុងគ្រីដែលបានថ្លែងសរសើរអំពី ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ប្រទេសយើងទាំងពីរមានប្រវត្តិទំនាក់ទំនងការទូតយូរលង់មកហើយ គិតមកដល់ពេលនេះមានរយៈពេល៦៣ឆ្នាំ ដែលទំនាក់ទំនងការទូតនេះបង្កើតឡើងក្រោមស្នាព្រះហស្ត ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ «រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំហុងគ្រីជំនាន់មុន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ ដែលបានមើលឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទំាងពីរមានការីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើននេះស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថា្នក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំជំនាញតាមបណ្តាក្រសួង ស្ថាប័ន នៃប្រទេសទាំងពីទៅវិញទៅមក ព្រមទាំងបានឆ្លុះបញ្ចាំងនៃការជួយឧបត្ថម្ភគាំទ្រគ្នាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា និងទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅប្រទេសហុងគ្រី និងចូលរួមកិច្ចប្រជុំកំពូលប៊ុយដាប៉ែស ស្តីពី ទឹក លើកទី៣ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ជាកាលានុវត្តភាពមួយថ្មី និងជាការក្រាលផ្លូវឆ្ពោះទៅភាពរុងរឿង នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រពីប្រទេសហុងគ្រី ដល់ប្រទេសកម្ពុជាកាលពីអតីតកាល ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាជួបការលំបាកដោយទទួលការហ៊ុព័ន្ធខាងសេដ្ឋកិច្ច និង នយោបាយ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលហុងគ្រី ដែលផ្តល់ជំនួយផ្នែកអប់រំជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន និងបន្តជួយបន្ថែមទៀតនៅពេលអនាគត។ ជំនួយក្នុងវិស័យអប់រំ បានជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាផង និងបានចូលរួមសម្រេចនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាពទីមួយ។ កម្ពុជាមានមោទនភាពចំពោះនិស្សិតកម្ពុជាដែលធ្លាប់បានសិក្សានៅប្រទេសហុងគ្រី បានក្លាយជាថ្នាក់ដឹកនាំសំខាន់ៗ នៅតាមក្រសួងមួយចំនួន។

ឆ្លៀតក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តាំផ្ញើសួរសុខទុក្ខ ជូនលោកប្រធានរដ្ឋសភាហុងគ្រី និងសូមគោរពអញ្ជើញលោកប្រធានរដ្ឋសភាហុងគ្រី ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុប (ASEP) នៅឆ្នាំ២០២០ នៅកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានប្រសិទ្ធពរបវរមហាប្រសើរ ជូនលោកប្រធានាធិបតី លោកជំទាវ និងគណៈប្រតិភូ សូមទទួលបានសុខភាពល្អ បរិបូរណ៍ ការស្នាក់អាស្រ័យល្អប្រសើរ និងជោគជ័យត្រចះត្រចង់ក្នុងបេសកកម្មដ៏ខ្ពង់ខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា៕