(ស្វាយរៀង)៖ ក្រោយបញ្ចប់ពិធីបុណ្យអុំទូក បណ្ដែតប្រទីប នៅខេត្តស្វាយរៀង, នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមយុវជននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានចាប់ផ្ដើមយុទ្ធនាការសំអាតបរិស្ថាន នៅសួនច្បារមាត់ទន្លេ តាមបណ្ដោយផ្លូវមួយចំនួន និងនៅទីតាំងប្រារព្ធពិធី ដែលមានសំរាមច្រើនស្កេកស្កះ បន្សល់ទុកពីការបោះចោល មិនបានទុកដាក់ឲ្យត្រឹមត្រូវពីអ្នកចូលរួម។

យុទ្ធនាការនេះបានធ្វើឡើងភ្លាមៗ ក្រោមការណែនាំពីថ្នាក់ដឹកនាំខេត្ត និងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ខេត្តស្វាយរៀង ដោយពួកគេបានចុះមកសំអាតតាំងពី ព្រឹកព្រលឹម ដើម្បីកាយប្រមូល និងរៀបចំសំរាមឱ្យមានសណ្ដាប់ធ្នាប់ ងាយស្រួលឡានសំរាមមកដឹក។

គួរជម្រាបថា ពិធីបុណ្យអុំទូក នៅខេត្តស្វាយរៀង បានធ្វើឡើងរយៈពេល១ថ្ងៃពេញ មានភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនាជាង ១០ម៉ឺននាក់ ដែលពិធីអុំទូកនេះ បានធ្វើឡើងនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដោយមានទូកមកចូលរួមប្រកួតប្រជែងចំនួន៥៤ទូក ដោយមានការអញ្ជើញជាអធិបតីភាពពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាករង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង, លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាដល់ការរៀបចំពិធីប្រណាំងទូកនាឱកាសនេះ និងនាំមកនូវតន្រ្តីស្រុកស្រែផងដែរ។

ការប្រណាំងទូកនេះ គឺជាការបន្ដមរតកនៃការផ្តួចផ្តើមគំនិត របស់នាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨មក និងបានបន្តមកជារៀងរាល់ឆ្នាំ ដោយមានការផ្តួចផ្តើម និងការឧបត្ថម្ភពីសំណាក់នាយឧត្ដមសេនីយ៍ សៅ សុខា រួមជាមួយ អភិបាល លោក លោកស្រី ជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត និងបង្ហាញឱ្យឃើញនូវការសាមគ្គីភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណីរបស់ប្រជាជនខ្មែរ ដែលមានតាំងពីយូរលង់មកហើយ៕