(ស្វាយរៀង)៖ ការងារមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ត្រូវបានប្រជាពរដ្ឋនៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេសកម្ពុជា មានការគោរពសរសើរ និងឲ្យតម្លៃខ្ពស់ពីការចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជាមួយនឹងអំណោយថ្នាំពេទ្យដល់អ្នកជំងឺ នៅតាមតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយ៉ាល ក៏ដូចជាបានលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។

ជាក់ស្តែងនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៦២៧នាក់ ដែលដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ បានបន្តចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៦៧៨៩នាក់ នៅវិទ្យាល័យជីភូ ភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តជាច្រើនរូប ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត។

លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះគឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

លោកបន្ថែមថា ក្នុងរយៈពេល៨២ខែ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩) ឈានចូលឆ្នាំទី៨ គិតចាប់ពីថ្ងៃបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន២០៣លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចូលរួមចំនួន៤,២៧៥នាក់ (បួនពាន់ពីរយចិបសិបប្រាំនាក់ បានពិនិត្យ និងព្យាបាលព្រមទាំងចែកថ្នាំ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន៤៩០,២៥០នាក់ (សែសិបប្រាំបួនម៉ឺនសូន្យពាន់ពីររយហាសិបនាក់) ក្នុងនោះស្ត្រីមានចំនួន៣៣១,២៦៦នាក់ (សាមសិបបីម៉ឺនមួយពាន់ពីររយហុកសិបប្រាំមួយនាក់) ក្នុង១៩រាជធានីនិងខេត្ត។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ២៧៣នាក់, ជំងឺស្រ្តី១៩០នាក់, ជំងឺផ្លូវចិត្ត១០២នាក់, ជំងឺឫសដូងបាត៣០២នាក់, ជំងឺសន្លាក់ឆ្អឹង២០៧នាក់, ជំងឺរលាកសួត១៧៤នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១៦៤នាក់, ជំងឺភ្នែក២៣៥នាក់, ជំងឺសើរស្បែក១៦៣នាក់, ជំងឺទឹកនោមផ្អែ៥២៤នាក់, ជំងឺមាត់ធ្មេញ១៣៦នាក់, អេកូសាស្ត្រ៨៩នាក់, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម៣២០នាក់, វាស់ចង្វាក់បេះដូង៣៥នាក់, ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់៣២៧នាក់, វិភាគឈាមនិងបន្ទប់ពិសោធន៍៥០១នាក់, ព្យាបាលរបួសនិងវះកាត់តូច៩២នាក់ និងជំងឺទូទៅ២,៩៥៥នាក់។

អ្នកស្រី យី ដុម ជាប្រជាពលរដ្ឋម្នាក់រស់នៅក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលបានឃើញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះមកពិនិត្យ ព្យាបាល រួមនឹងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុករបស់គាត់។

លោក ធី ធឹម ជាប្រជាពលរដ្ឋម្នាក់រស់នៅក្រុងបាវិត ក៏បានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលបានឃើញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះមកពិនិត្យ ព្យាបាល រួមនឹងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុករបស់គាត់ ជាមួយនឹងសកម្មភាពយ៉ាងច្រើនកុះកររបស់ក្រុមគ្រូពេទ្យ និងសម្ភារព្យាបាលអ្នកជំងឺមានគ្រប់គ្រាន់ផងដែរ។

អ្នកស្រីបានលើកឡើងថា «សកម្មថ្ងៃនេះឃើញប្រជាពលរដ្ឋ មកពិនិត្យសុខភាព នៅក្រុងបាវិត ខេត្តស្វាយរៀង បានច្រើនកុះករ ខ្ញុំពិតជាសប្បាយរីករាយ បានឃើញថ្នាំពេទ្យគ្រប់មុខ គ្រប់បែបយ៉ាងទាំងអស់ ហើយការព្យាបាលនេះ បានជួយដល់ប្រជាពលរដ្ឋច្រើនណាស់ ជាពិសេសគឺប្រាក់តែម្តង»

សូមជម្រាបថា កន្លងមកថ្នាក់ដឹកនាំរាជធានី និងខេត្តជាច្រើន កោតសរសើរ និងតែងតែវាយតម្លៃខ្ពស់ ពីសកម្មភាពការងាររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងតែងតែសំណូមពរដល់ឲ្យក្រុមការងារទាំងអស់នេះ ឧស្សាហ៍ចុះមកដើម្បីមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ៕