(កណ្តាល)៖ លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជូនគ្រឿងចក្រអេស្ការវទ័រ ទៅកាយប្រឡាយផ្លូវជាតិលេខ៤ ត្រង់ចំណុច ម្តុំផ្សារថ្នល់ទទឹង ឃុំលំហាច ដើម្បីបង្ហូរទឹកចេញពីតំបន់ដែលរងការលិចលង់ដោយទឹកភ្លៀង ធ្លាក់នារដូវវស្សា ធ្លាក់ភ្លៀងជាប់គ្នាជាច្រើនមេ បណ្តាលឲ្យសំរាមកកស្ទះប្រព័ន្ធលូ ទឹកហូរទៅមិនរួច។

ដោយមានការយកចិត្តទុកដាក់នូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ អាជីវករ លក់ដូរនៅក្នុងផ្សារថ្នល់ទទឹង ឃុំលំហាច, លោកបានបញ្ជូនគ្រឿងចក្រ និងចុះដឹកនាំបញ្ជាដោយផ្ទាល់ ជីកកាយប្រឡាយប្រព័ន្ធលូ បង្ហូរទឹកដែលកតស្ទះដោយសារសំរាមរំដោះទឹក ចេញពីទីតាំងដែលលិចលង់ បើពុំដូច្នេះទេបងប្អូន នឹងមានការលំបាកទាំងការរស់នៅ និងធ្វើដំណើរចេញទៅ ប្រកបការងារដោះស្រាយជីវភាពជាប្រចាំថ្ងៃ។

លោក នីម នីរ៉ាដេត បានបញ្ជាក់ទៀតថា ទីតាំង ដែលរងការលិចលង់នេះ អាជ្ញាធរឃុំ ស្រុកកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ដោះស្រាយដើម្បីរំដោះទឹក ឲ្យបានទាន់ពេលវេលា។ លោកក៏បានសុំការយោគយល់ពីបងប្អូនពលរដ្ឋមួយចំនួនតូច កុំអាកអន់ចិត្ត ធម្មតាអាជ្ញាធរចុះអនុវត្តកាប់កាយប្រឡាយសាធារណៈ មុខផ្ទះប្រជាពលរដ្ឋតែងតែប៉ះពាល់តិចតួច ក្នុងគោលបំណងដើម្បីរំដោះទឹក បញ្ជៀសការលិចលង់ផ្ទះពលរដ្ឋ និងងាយស្រួលក្នុងការធ្វើដំណើរប្រកបមុខរបរផ្សេងៗ។

លោកបានប្រាប់ថា ក្នុងនាមអាជ្ញាធររង់ចាំតែខុស មិនដែលចេះត្រូវចិត្តពលរដ្ឋឡើយ អ្វីដែលសំខាន់យើងត្រូវគិតពីប្រយោជន៍រួមទាំងអស់គ្នា។ ក្រោយពីកាប់កាយមិនបានមួយ១ថ្ងៃផង ទឹកបានហូរស្រក់ហូរចុះយ៉ាងលឿនទីតាំង ដែលកំពុងរងការលិចលង់៕