(ព្រះវិហារ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យ ស្ថានីយស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ ដែលជាស្ថានីយរណបរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ស្ថិតនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

លោកបណ្ឌិត អ៊ុក ម៉ាក់រ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានឲ្យដឹងថា ស្ថានីយស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ បានបង្កើតឡើងក្នុងឆ្នាំ២០០២ លើផ្ទៃដីជាង៩៥ហិកតា។ បច្ចុប្បន្ន បានធ្វើការដាំដុះ ស្រាវជ្រាវពិសោធន៍ ផ្សព្វផ្សាយ និងអភិរក្សដំណាំសណ្តែកសៀង ដំឡូងមី និងឈើហូបផ្លៃ មានដូចជាពូជស្វាយកែវរាជបានជាង៥ហិកតា និងកែវទេពចំនួន២.៥ហិកតា។ មិនត្រឹមតែប៉ុណ្ណោះ ស្ថានីយក៏បានរៀបចំជាស្រែពិសោធន៍ និងផលិតកម្មគ្រាប់ពូជស្រូវលើផ្ទៃដីជាង១៥ហិកតាផងដែរ។

លោកបន្តថា ចំពោះផ្ទៃដីដែលនៅសល់ជាង៧០ហិកតា គឺជាដែនជម្រកព្រៃ ដែលក្រសួងសម្រេចមិនធ្វើការឈូសឆាយពង្រីកបន្ថែម ដើម្បីរក្សាទុកជាព្រៃអភិរក្ស។ រីឯហេដ្ឋារចនាសម្ព័ន្ធជុំវិញស្ថានីយវិញ គឺមានអគារការិយាល័យចំនួន០១ខ្នង អាគារស្នាក់នៅរបស់បុគ្គលិក០១ខ្នង ដែលមាន០៥បន្ទប់ ឃ្លាំងសម្ភារ០១ខ្នង អាងស្តុកទឹកចំនួន០២ ប្រព័ន្ធស្រោចស្រព០១ខ្សែ និងស្រះបូរាណចំនួន០១ ដែលកំពុងគ្រប់គ្រង និងថែទាំដោយមន្ត្រីចំនួន០៧នាក់។

ដោយបានពិនិត្យស្ថានភាព និងវឌ្ឍនភាពជាក់ស្តែងរបស់ស្ថានីយស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ភាពតស៊ូ និងឆន្ទៈយ៉ាងមោះមុតក្នុងការស្រាវជ្រាវ ផលិត អភិរក្ស និងអភិវឌ្ឍន៍ពូជដំណាំកសិកម្មប្រកបដោយប្រសិទ្ធភាព។

ដើម្បីឲ្យស្ថានីយកាន់តែមានភាពរីកចម្រើន លោកក៏បានផ្តល់ជាអនុសាសន៍ និងសកម្មភាពមួយចំនួន ដែលមន្ត្រីប្រចាំស្ថានីយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងជាពិសេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ត្រូវអនុវត្តមានដូចជា៖

ទី១៖ ត្រូវធ្វើបច្ចុប្បន្នភាព និងបន្តការស្រាវជ្រាវ ពិសោធន៍លើមុខដំណាំ ដែលកំពុងមានសក្តានុពលទីផ្សារខ្ពស់។

ទី២៖ បន្តការថែទាំ ទាំងបរិវេណ អគារសម្ភារៈ ជាពិសេសផ្ទៃដី និងព្រៃអភិរក្សរបស់ស្ថានីយ ដែលជាសម្បត្តិរដ្ឋឲ្យបានគង់វង្ស។

ទី៣៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បង្កើនការគាំទ្រទាំងផ្នែកបច្ចេកទេស និងកិច្ចសហការដល់ស្ថានីយស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍។

ទី៤៖ ត្រូវជំរុញការធ្វើទំនើបកម្មកសិកម្ម ក្នុងការស្រាវជ្រាវ ពិសោធន៍ ដាំដុះ និងប្រមូលផល។

ទី៥៖ គួរបង្កើនកិច្ចសហការជាមួយវិស័យឯកជនក្នុងការស្រាវជ្រាវ និងផលិតពូជដំណាំ ដើម្បីផ្សាភ្ជាប់ជាមួយតម្រូវការទីផ្សារ៕