(ព្រះសីហនុ)៖ នារីជនជាតិអង់គ្លេស អាយុ២១ឆ្នាំ ដែលបាត់ខ្លួននៅកោះរ៉ុង ខេត្តព្រះសីហនុ គិតត្រឹមល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ មិនទាន់រកឃើញនៅឡើយទេ បើទោះបីអាជ្ញាធរ និងសមត្ថកិច្ចបានរួមគ្នាប្រើប្រាស់កម្លាំងជាង ២០០នាក់ រហូតប្រើសុនខទៀតក៏ដោយនោះតាំងពីថ្ងៃម្សិលមិញ និងរហូតមកដល់ថ្ងៃនេះ។

នារីជនជាតិអង់គ្លេសរូបនេះ បានបាត់ខ្លួននៅវេលាម៉ោង០៣៖៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង ជាមួយមិត្តភ័ក្រប្រុសស្រី ដែលទើបនឹងស្គាល់គ្នាមុនចេញដំណើរទៅកោះរ៉ុង។

ក្រោយបាត់ខ្លួនភ្លាមអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក្រោមការដឹកនាំពីអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងនាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានប្រើប្រាស់កម្លាំងរហូតជាង ២០០នាក់ អមជាមួយឧបករណ៍ និងទូកនេសាទ ស្វែងរកពេញមួយថ្ងៃទី២៧ ខែតុលា ម្សិលមិញ និងរហូតមកដល់ថ្ងៃនេះបន្ដទៀត នៅតែមិនទាន់រកឃើញ នៅឡើយទេ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងសមត្ថកិច្ចត្រូវបានបែងចែកតាមគោលដៅ ទាំងការស្វែងរកក្នុងទឹក និងក្នុងព្រៃ ប៉ុន្ដែមិនទាន់រកឃើញនៅឡើយទេ គិតត្រឹមល្ងាចថ្ងៃនេះ។

តាមការវាយតម្លៃ និងការសន្និដ្ឋានជាបឋម ការបាត់ខ្លួននេះ នារីរងគ្រោះអាចនឹងលង់ទឹកក៏ថាបាន តែទោះជាយ៉ាងណា រង់ចាំបញ្ចប់ប្រតិបត្តិការ និងរកឃើញនារីរងគ្រោះជាមុនសិន។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាក់ថា នារីជនជាតិអង់គ្លេស អាយុ២១ឆ្នាំរូបនេះ បានចូលមកប្រទេសកម្ពុជា តាមច្រកបាវិត ខេត្តស្វាយរៀង អំឡុងថ្ងៃទី១៥ ឬ១៦ ខែតុលា ដោយធ្វើដំណើរចេញពីវៀតណាម ដោយសារឪពុករបស់នាងធ្វើការនៅទីនោះ។

ពេលមកដល់ភ្នំពេញ នាងបានសម្រាកនៅសណ្ឋាគារជាមួយមិត្តស្រីម្នាក់ទៀត ដែលចេញពីវៀតណាម ហើយថ្ងៃទី១៩ បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ លុះល្ងាចឡើងពួកគេទាំងពីរនាក់ បានធ្វើដំណើរទៅកោះរ៉ុង ពេលឡើងលើទូកបានស្គាល់មិត្តភ័ក្រថ្មី ៦នាក់ផ្សេងទៀត ក្នុងនោះប្រុស៣នាក់ រួចពួកគេពេលទៅដល់កោះរ៉ុង បានរៀបចំពិធីជប់លៀងមួយ ដែលមានឈ្មោះថា «ចាំមើលថ្ងៃរះ» ដោយចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៩ព្រឹក មុនបន្ដទៅកាន់កោះរ៉ុងសន្លឹម នៅថ្ងៃបន្ទាប់ទី២៥ ខែតុល។

អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា មុនពេលបាត់ខ្លួននៅម៉ោង០៣៖៣០នាទីទាបភ្លឺ ពោលនៅម៉ោង០៣៖២៣នាទី នាងបានថតវីដេអូនៅក្នុងទូរស័ព្ទ ដែលអាជ្ញាធររកឃើញជាមួយកាបូប ស្ពាយតូចមួយនៅលើថ្ម ជាប់ឆ្នេរដែលនាងអង្គុយ កំឡុងពេលនៃពិធីជប់លៀងនោះ។

ដូចទៅនឹងការវាយតម្លៃរបស់ស្នងការនគរបាលខេត្តផងដែរ លោក គួច ចំរើន បានសន្និដ្ឋានជាជំហ៊ានបឋមថា នារីរូបនេះអាចនឹងលង់ទឹក ប៉ុន្ដែយ៉ាងណានោះ ទាំងអាជ្ញាធរ និងសមត្ថកិច្ចបានប្រើគ្រប់ វិធានការ រហូតយកសុនខមកតាមស្វែងរកទៀតផង តែនៅរកមិនទាន់ឃើញ គិតត្រឹមល្ងាចថ្ងៃនេះ។

លោក គួច ចំរើន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងគ្រប់ផ្នែកតាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានា នៅលើកោះរ៉ុង និងកន្លែងដែលនារីនោះ បានទៅលេងរួមទាំងក្រុមមុជទឹក (diving) ផង ធ្វើយ៉ាងណារកឲ្យអស់លទ្ធភាព។

សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មានឈ្មោះAMELIA LOUISE កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣
បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង៥ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦ល្ងាច។

នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨៖១៥នាទីយប់ថ្ងៃខែឆ្នាំដដែល ក្នុងគោលបំណងទេសចរណ៍។ មុនបាត់ខ្លូន គេបានប្រទះឃើញនារីនោះលើកចុងក្រោយ នៅម៉ោង៣៖៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង៕