(ភ្នំពេញ)៖ Volvo គឺជាម៉ាករថយន្តប្រណីតមួយ របស់ស៊ុយអែត ដែលកិត្យានុភាពរបស់ក្រុមហ៊ុននេះ ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ។ នៅពេលនេះ Volvo Cambodia បាននាំយករថយន្ត SUV ប្រណីតស៊េរីចុងក្រោយមួយម៉ូដែលមកកាន់ទីផ្សារកម្ពុជា ដែលជាម៉ូដែល XC90 ស៊េរីឆ្នាំ ២០២០។

រថយន្ត SUV ប្រណីត XC90 ឆ្នាំ ២០២០ បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា តាមរយៈកម្មវិធីប្រកាសមួយ ដែលធ្វើឡើងនៅអគារតាំងបង្ហាញរថយន្ត Volvo Cambodia ក្រោមការចូលរួមពីភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។

និយាយអំពីប្រណីតភាពរបស់ XC90 នេះ គឺមានដូចជាមានបំពាក់ដោយអំពូលភ្លើងប្រភេទ LED ជាមួយនឹងការបញ្ចេញពន្លឺដូចញញួររបស់អាទិទេព Thor, ភ្លើងបំភ្លឺនាពេលថ្ងៃដ៏លេចធ្លោ, កញ្ចក់ចំហៀង អាចក្ដោបស្វ័យប្រវត្តិ, ទ្វារគូថក្រោយដំណើរការដោយអេឡិចត្រូនិក, ដំបូលកញ្ចក់ថ្លា, អាចចូលរថយន្ត និងបញ្ឆេះរថយន្តដោយមិនប្រើសោ, ប្រព័ន្ធម៉ាស៊ីនត្រជាក់៤តំបន់, មានវាំងននការពារពន្លឺថ្ងៃ, តាបឡូប្រភេទឌីជីថលទំហំ១២,៣អ៊ីញ, កៅអីស្រោបដោយស្បែកទន់ Nappa ហើយចង្កូតក៏ស្រោបដោយស្បែកផងដែរ។

ខាងក្នុងរថយន្តនេះ ក៏មានបំពាក់ដោយប្រព័ន្ធសំឡេង មានគុណភាពខ្ពស់ម៉ាក Bowers & Wilkins មានរន្ធ USB ចំនួនពីរ, មានឌុយភ្លើង ១២ វ៉ុល, មានប្រព័ន្ធ Bluetooth, មានមុខងារ Volvo On Call, អាចភ្ជាប់ ជាមួយស្មាតហ្វូនតាមរន្ធ USB និង អាចបញ្ជាមុខងារមួយចំនួនដោយប្រើសំឡេងជាដើម។ ក្រៅពីផ្ដល់ជូននូវប្រណីតភាពខ្ពស់ រថយន្តដែល Volvo ផលិតឡើង ក៏មានផ្ដល់ជូននូវសុវត្ថិភាពខ្ពស់ ដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ។

ជាក់ស្ដែងលើរថយន្ត XC90 ឆ្នាំ ២០២០ មានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរជាច្រើនដូចជា ប្រព័ន្ធការពារការប៉ះទង្គិចពីចំហៀង, ពោងសុវត្ថិភាពការពារអ្នកដំណើរ និងអ្នកបើកបរ, ពោងសុវត្ថិភាពការពារជង្គង់អ្នកបើកបរ, ប្រព័ន្ធជាន់ហ្វ្រាំងស្វ័យប្រវត្តិពេលមានការប៉ះទង្គិច និងប្រព័ន្ធដាស់តឿនអ្នកបើកបរជាដើម។

បន្ថែមពីនេះ ក៏មានប្រព័ន្ធជំនួយការឡើង/ចុះចំណោត, ប្រព័ន្ធ Adaptive Cruise Control, ប្រព័ន្ធរក្សាគន្លងផ្លូវឲ្យត្រង់, ប្រព័ន្ធព្រមានអំពីការប៉ះទង្គិចពីក្រោយ, កាមេរ៉ាសម្រាប់មើលជុំវិញ៣៦០ដឺក្រេ, មាន Head-Up Display, ប្រព័ន្ធជំនួយការចូលចត និងបច្ចេកវិទ្យាពន្លត់ម៉ាស៊ីនស្វ័យប្រវត្តិ ពេលឈប់ស្ដុប (Start/Stop) សម្រាប់សន្សំសំចៃប្រេងជាដើម។

រថយន្ត SUV ប្រណីតនេះ ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ អាចបង្កើតកម្លាំង ៣២០សេះ ភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ ប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ទាំង ៤ (AWD) និងមានល្បឿនអតិបរមា ២៣០ គ.ម/ម៉។ ចំពោះកម្រិតស៊ីសាំងគឺបើកបរ ១០០ គីឡូក្រាម ស៊ីប្រេងប្រមាណ ៨,១ លីត្រប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត SUV ប្រណីត XC90 ឆ្នាំ ២០២០នេះ អាចទំនាក់ទំនងទៅកាន់ Volvo Cambodia តាមទូរសព្ទលេខ ០២៤ ៩០០ ០០០ ឬ Facebook៖ Volvo Cars Cambodia និង គេហទំព័រ៖ Volvo Cars Cambodia៕