(ភ្នំពេញ)៖ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី បានលើកឡើងថា ហុងគ្រីមានបំណងចង់ឱ្យក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យា និងបុរាណវិទូរបស់ខ្លួន មកសិក្សាស្រាវជ្រាវអំពីអរិយធម៌នៅកម្ពុជា តាំងពីសម័យមុនអង្គរ និងសម័យអង្គរ។ នេះជាការបញ្ជាក់ របស់លោក កែវ ពិសិដ្ឋ ប្រធានខុទ្ធកាល័យ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

ការបង្ហាញបង្ហាញទឹកចិត្តដ៏ល្អបែបនេះ របស់លោក យ៉ាណូស អាឌ័រ (Janos Ader) បានធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកប្រធានាធិបតី បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

លោកប្រធានាធិបតីហុងគ្រី បានលើកឡើងថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំង ហើយលោកផ្ទាល់ក៏មានបំណងចង់ទៅ ទស្សនាប្រាង្គប្រាសាទអង្គរវត្ត ដែលជារម្មនីយដ្ឋានបុរាណដ៏ល្បីល្បាយមួយនៅទូទាំងពិភពលោក ជាពិសេសលោកចង់ទស្សនាថ្ងៃរះ និងថ្ងៃលិច នៅប្រាង្គប្រាសាទអង្គរវត្តផងដែរ។

លោក យ៉ាណូស អាឌ័រ (Janos Ader) បានបន្តថា បានការកោតសសើរយ៉ាងខ្លាំងពីការរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជា ព្រោះនៅក្នុងដំណើរ របស់លោក និងគណៈប្រតិភូនៅតាមមហាវិថី ក្នុងទីរាជធានីភ្នំពេញ គឺបានមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលមានអគារថ្មីៗ បានសាងសង់ និងកំពុងតែសាងសង់ឡើយជាច្រើន ដែលចំណុចទាំងនេះ ជាសញ្ញាមួយល្អដែលបង្ហាញពីការអភិវឌ្ឍ របស់កម្ពុជា។

ទន្ទឹមនឹងនេះដែរ លោក យ៉ាណូស អាឌ័រ (Janos Ader) បានបន្ថែមទៀតថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានអរិយធម៌ខ្ពស់ និងមានការរីកចម្រើនតាំងបុរាណមកម្ល៉េះ ហើយបច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងនាមប្រទេសជាមិត្តលោកសូមជូនពរកម្ពុជា ឱ្យមានការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ។

ជាការឆ្លើយតបសម្តេចពញាចក្រី ហេង សំរិន បានថ្លែងថា ក្នុងនាមប្រធានរដ្ឋសភាកម្ពុជា សម្តេចបានថ្លែងអំណរគុណ ដល់លោកប្រធានាធិបតីហុងគ្រី ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៤ថ្ងៃ ដែលទាំងនេះជាអត្ថន័យ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ និងផ្តល់កិត្តិយសដល់ប្រជាជនកម្ពុជាទាំងមូលផងដែរ។

សម្តេចបានបន្តថា ដំណើរទស្សនកិច្ចនេះ បានជំរុញឱ្យទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងហុងគ្រី ដែលមានជាង៦០ឆ្នាំ មកហើយនោះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាទ្វេរដងថែមទៀត។

បន្ថែមពីនេះ សម្តេចពញាចក្រី ហេង សំរិន បានឱ្យដឹងថា ប្រទេសហុងគ្រី គឺជាមិត្តចាស់របស់កម្ពុជា ហើយប្រជាជនកម្ពុជា នឹងចង់ចាំថាហុងគ្រី ធ្លាប់មានគុណបំណាច់ដ៏ធំធេងចំពោះប្រទេសកម្ពុជា នៅក្នុងទសវត្សឆ្នាំ៨០ ដែលប្រទេសកម្ពុជា ទើបបានរំដោះពីរបបប្រល័យពូជសាសន៍ «ប៉ុល ពត» ព្រមទាំងបានជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ក៏ដូចជាការចូលរួមចំណែកស្វែងរកសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា រហូតដល់បច្ចុប្បន្ននេះ។

សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសហុងគ្រី ជាប្រទេសមួយដែលបានដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់កម្ពុជា ក្នុងការរក្សាទុក EBA ដល់កម្ពុជាបន្តទៀត៕