(ភ្នំពេញ)៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងរបស់ អតីតគណបក្សសង្រ្គោះជាតិ ដែលទើបត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ស្ថានការណ៍នយោបាយបច្ចុប្បន្ន គឺអតីតគណបក្សសង្រ្គោះជាតិ ដែលពីដើមទី រហូតដល់ទីបញ្ចប់ មានចរិតក្បត់ជាតិគ្រោះថ្នាក់ឡើងៗ។

លោក គង់ បូរ៉ា បានបញ្ជាក់នៅលើ Facebook របស់លោកថា៖ «ពិតណាស់ ខ្ញុំមានជំនឿថា (នឹងប្រើប្រាស់យ៉ាងប្រសិទ្ធភាព) នូវតួនាទីជាអតីតតំណាងរាស្ត្រ ពីរនីតិកាលរបស់គណបក្សប្រឆាំង ដែលធ្លាប់មានទំនាក់ទំនងជាមួយសកម្មជនទូទាំង ២៥ខេត្ត-ក្រុង ដើម្បីរួមចំណែកទប់ស្កាត់ និងណែនាំមិនឱ្យសមាជិក CNRP និងអ្នកគាំទ្រ លង់ខ្លួន - ជឿការបោកប្រាស់ (ឱ្យធ្វើជាឈ្នាន់ ឱ្យធ្វើរបាំង) ជំនួសក្រុមជ្រុលនិយម សម រង្ស៉ី អំពីផែនការបង្ករភាព វឹកវរ ចលាចល អាចឈានដល់ការបង្ហូរឈាម និងសង្រ្គាម-បំផ្លាញ សន្តិភាព ឯករាជ្យ អធិបតេយ្យ ការអភវឌ្ឍ ភាពសុខចម្រើនរបស់ប្រទេស និងប្រជាពលរដ្ឋកម្ពុជាបានឡើយ»

លោក គង់ បូរ៉ា បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានទទួលនីតិសម្បទាដើម្បីធ្វើនយោបាយឡើងវិញនោះ។ បន្ទាប់ពីចូលរួមជាមួយគណបក្សប្រជាជននេះ លោកត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងការបង្ហោះសារនៅថ្ងៃនេះ លោកបូរ៉ា សម្តែងនូវភាពរីករាយ ចំពោះការត្រាស់បង្គាប់តែងតាំងនេះ។ លោកបានថ្លែងអំណគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានសម្រេចអនុញ្ញាតឱ្យលោកបានចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា៕